(កំពត)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះថា កំណាត់ផ្លូវជាតិលេខ៣ (វាលវេញ-ត្រពាំងរពៅ) ដែលរងការខូចខាតនៅតែបន្តមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលប្រចាំ ក្រោមការទទួលបន្ទុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ដោយមន្ទីរតែងចេញគ្រឿងចក្របន្តថែទាំ ជួសជុលប្រចាំ ដើម្បីធានាការធ្វើចរាចរាចរណ៍របស់ប្រជាពលរដ្ឋ។
លោក ផន រឹម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកផងដែរ។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 - PK 201+720) ដើម្បីធានាការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម និងប្រើប្រាស់ថេរវេលាក្រោមមួយម៉ោងដើម្បីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះ ទំរាំឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ៕