(ភ្នំពេញ)៖ ឧបករណ៍កសិកម្មបែបទំនើប រួមមាន ឧបករណ៍សម្រាប់ភ្ជួររាស់ ជ្រោយដី សាប់ដី កាត់ស្មៅ ឧបករណ៍ពូនរងដាក់ជីគ្របកៅរាយទុយោដំណក់ទឹក ដាំដំឡូង ពោត ស្រូវ បាញ់ថ្នាំ និងឧបករណ៍ផ្សេងៗទៀត ត្រូវបានកែច្នែឡើង ដោយរោងជាងកែច្នៃឧបករណ៍កសិកម្មឬស្សីកែវ ដើម្បីជំរុញឱ្យការធ្វើកសិកម្មនៅកម្ពុជា កាន់តែទំនើប និងងាយស្រួលជាងមុន។
បច្ចុប្បន្ននេះ ឧបករណ៍កសិកម្មទាំង ត្រូវបានចែកចាយទៅដល់កសិករនៅគ្រប់ខេត្តក្រុង ដែលជួយឱ្យការដាំដុះរបស់ពួកគាត់កាន់តែលឿន ចំណេញពេលវេលា និងថវិកា ព្រមទាំងទទួលបានទិន្នផលខ្ពស់។
រោងជាងកែច្នៃឧបករណ៍កសិកម្មឬស្សីកែវ ត្រូវបានបង្កើតឡើង ដោយ លោក អ៊ូ ឈឿមឡារ៉ាណូ តាំងពីឆ្នាំ១៩៩៦។ មុនបង្កើតសិប្បកម្មនេះ លោកគឺជាមន្រ្តីរាជការ ផ្នែកជាងក្រឡឹង។ ដោយសារការចូលចិត្តកែច្នៃឧបករណ៍ផ្សេងៗ ជាពិសេសឧបករណ៍កសិកម្ម បានជំរុញឱ្យលោកព្យាយាមសិក្សារៀនសូត្រ ច្នៃប្រឌិតបន្ថែម រហូតឈានដល់ការបង្កើតរោងជាងកែច្នៃឧបករណ៍កសិកម្មនេះឡើង។ ឧបករណ៍ដំបូងដែលលោកកែច្នៃ គឺនង្គ័ល និងរនាស់សម្រាប់ភ្ជាប់ជាមួយត្រាក់ទ័រសម្រាប់ភ្ជួររាល់ដី។
សិប្បកម្មកែច្នៃឧបករណ៍កសិកម្មដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ បានកែច្នៃឧបករណ៍កសិកម្មជាច្រើន ក្នុងការជួយសម្រួលដល់ការធ្វើកសិកម្ម ដែលមានដូច ឧបករណ៍នង្គ័ល រនាស់ លេីករងដាក់ រនាស់សាប់ជ្រោយដី ប៉ែលរុញ អំបោសបោសថ្នល់ កាត់ស្មៅ ក្រឡុកចំណីគោ បាចជី កប៉ុសិ៍ ដាំពោត ស្រូវ ដាំដំឡូងមីដេីមឈេី ព្រួសស្រូវ ប៉ុងខួងដី ជាដេីម ។
ក្នុងរយៈពេល៣០ឆ្នាំដែល លោក អ៊ូ ឈឿមឡារ៉ាណូ បានកែច្នៃឧបករណ៍កសិកម្មនេះឡើង លោកបានឱ្យតម្លៃជាចម្បងទៅលើគុណភាព ហេតុដូច្នេះហើយ ទើបផលិតផលដែលកែច្នៃដោយជាងខ្មែរមួយនេះ ទទួលបានបានគាំទ្រយ៉ាងខ្លាំងពីប្រជាកសិករ។
ស្ថិតក្នុងវ័យ៦១ឆ្នាំ លោក អ៊ូ ឈឿមឡារ៉ាណូ នឹងបន្តមុខរបរនេះ ទៅដល់កូនចៅ និងមានបំណងពង្រីកការកែច្នៃឧបករណ៍កសិកម្មនេះ បន្ថែមទៀត ដើម្បីបង្កើនការផលិតឧបករកសិកម្មបែបទំនើប ជួយសម្រួលដល់ការធ្វើកសិកម្មនៅកម្ពុជា ខណៈបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យកសិកម្ម។
រោងជាងផលិតឧបករណ៍កសិកម្មឬស្សីកែវ មានទីតាំងស្ថិតនៅភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ 012879932 098879932 097 7879932៕