(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីលោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង, លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង និងលោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងលោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តទាំង៤ រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។
នេះគឺជាកិច្ចប្រជុំដែល វ.ស.ស. រៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួន និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្តទាំង៤ផងដែរ។ សម្រាប់ឆ្នាំ២០២៤នេះ វ.ស.សបានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» រួមទាំងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តនីមួយៗ។
នៅក្នុងឱកាសនោះ លោក កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
លោកបន្ដថា រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហសេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។
អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលដែលបានចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះដែលផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្តទាំងបួន។
ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាស ប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពី ប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិល និយាយដោយឡែក។
ថ្លែងក្នុងកិច្ចពិភាក្សានោះ លោកប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។
លោកបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
ជាងនេះទៀត លោកប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។
ជាមួយគ្នានេះ លោកប្រធានបានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិនិងប្រជាជនយើងទាំងអស់គ្នា៕