(ក្រចេះ)៖ ខេត្តក្រចេះជាខេត្តមួយក្នុងចំណោមខេត្តទាំង៤នៅភាគឦសានប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងច្បាស់លាស់ហើយថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ផ្តោតជាសំខាន់ដល់កិច្ចអភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងសន្តិសុខ ដោះស្រាយបញ្ហាគ្រោះមហន្តរាយ និងគាំទ្រផ្នែសុខាភិបាលជាដើម។
បើទោះបីមានការបញ្ជាក់ច្បាស់លាស់បែបនេះក្តី ក៏នៅមានការផ្សព្វផ្សាយបំភ្លៃ និងអុជអាលបង្កើតបញ្ហាក្នុងសង្គមដោយចោទថាកិច្ចសហប្រតិបត្តិការបានព្រមព្រៀងគ្នាក្នុងការបង្ហូរដោយសេរីនៃប្រជាជនក្នុងប្រទេសទាំង៣នេះ។
កាលពីសប្តាហ៍កន្លងទៅក្រុមការងារ Fresh News បានចុះទៅពិនិត្យដោយផ្ទាល់ពីស្ថានភាពតំបន់ព្រំដែន និងការឆ្លងចេញចូលនៅតាមតំបន់ព្រំដែននៅក្នុងខេត្តក្រចេះ។ ខេត្តក្រចេះ មានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ប្រវែងជាង ១០០គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស្នួល ហើយមានច្រកព្រំដែនចំនួនពីរ គឺច្រកត្រពាំងស្រែ ដែលជាច្រកទ្វារអន្តរជាតិ និងច្រកជ័យឃ្លាំង ជាច្រកទ្វេភាគី។
ព្រំដែនរវាងខេត្តក្រចេះ របស់កម្ពុជា និងខេត្តប៊ិញភឿក របស់វៀតណាម ប្រវែងជាង ១០០គីឡូម៉ែត្រ ត្រូវបានបោះបង្គោលព្រំដែនរួចរាល់ហើយ មានបង្គោលព្រំដែនធំតូចសរុប១៦៦បង្គោល។ ក្រៅការបោះបង្គោលព្រំដែនហើយនោះ ដើម្បីជាកិច្ចការពារទឹកដីឱ្យកាន់តែរឹងមាំ រាជរដ្ឋាភិបាលក៏បានធ្វើផ្លូវក្រវាត់ព្រំដែន ដែលផ្លូវនេះត្រូវបានសង់កៀកនឹងខ្សែបន្ទាត់ព្រំដែន ហើយធ្វើបត់បែនទៅតាមស្ថានភាពខ្សែបន្ទាត់ព្រំដែនតែម្តង។
នៅតាមបន្ទាត់ព្រំដែនប្រវែងជាង១០០គីឡូម៉ែត្រនេះ មិនមានសល់ដីព្រៃទៀតនោះឡើយ គឺសុទ្ធសឹងតែជាចម្ការរបស់ប្រជាពលរដ្ឋអស់ទៅហើយ ដោយបានដាំដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមីជាដើម។ តំបន់ព្រំដែនមានប្រជាពលរដ្ឋរស់នៅជាបណ្តើរៗហើយ តែមិនទាន់មានចំនួនច្រើននៅឡើយទេ។ តែទោះជាយ៉ាងណា តាមផ្លូវក្រវាត់ព្រំដែននោះ មានប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ចម្ការរបស់ពួកគាត់ឥតដាច់នោះដែរ។ បន្ថែមពីលើនោះ នៅតាមបន្ទាត់ព្រំដែន រាជរដ្ឋាភិបាល ក៏បានបង្កើតជាប៉ុស្តិ៍នគរបាលព្រំដែន ហើយដាក់កម្លាំងនគរបាលឈរជើងដើម្បីត្រួតពិនិត្យ និងការពារព្រំដែនរបស់ខ្មែរផងដែរ។
ក្នុងដំណើរចុះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដែលជាទឹកដីជាប់ព្រំដែនរបស់វៀតណាម ក្រុមការងារ បានចុះទៅពិនិត្យដោយផ្ទាល់លើកិច្ចការឆ្លងចេញចូលព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ និងច្រកទ្វារទ្វេភាគីជ័យឃ្លាំង។ នៅច្រកទ្វារទាំងពីរនេះ បានពិនិត្យឃើញថា រាល់ការឆ្លងកាត់ព្រំដែនទាំងពលរដ្ឋវៀតណាម មកកម្ពុជា ឬកម្ពុជាទៅវៀតណាមវិញ គឺត្រូវមានការត្រួតពិនិត្យពីកម្លាំងនគរបាលអន្តោប្រវេសន៍ ដែលជាអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការឆ្លងចេញចូលព្រំដែន ហើយត្រូវបំពេញលិខិតស្នាមនានាទៅតាមច្បាប់របស់កម្ពុជា។
លោកវរសេនីយ៍ឯក ឃួន សេងគឿន នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឱ្យដឹងថា ការឆ្លងចេញចូលព្រំដែននៅច្រកទ្វារអន្តរជាតិត្រពាំងស្រែនេះ ចែកជា៣ប្រភេទរួមមាន៖ ទី១) ការឆ្លងកាត់របស់ពលរដ្ឋរស់នៅក្នុងឃុំជាប់ព្រំដែនប្រទេសទាំងពីរ គឺប្រើអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន សម្រាប់ឆ្លងដែន ហើយមានរយៈពេលអនុញ្ញាតត្រឹមតែ១០ម៉ោងប៉ុណ្ណោះ, ទី២) ការឆ្លងដែនរបស់ប្រជាពលរដ្ឋក្នុងខេត្តជាប់គ្នា ក្រោមកិច្ចព្រមព្រៀងរវាងខេត្ត និងខេត្ត គឺអាចប្រើលិខិតបើកផ្លូវរបស់ខេត្ត ដែលអនុញ្ញាតឱ្យឆ្លងព្រំដែនបាន ហើយមានរយៈពេលត្រឹមមួយខែ និងទី៣) គឺលិខិតឆ្លងដែន ដែលលិខិតនេះ ប្រើជាលក្ខណៈអន្តរជាតិ ហើយមិនមែនតែពលរដ្ឋវៀតណាមនោះទេ ជាតិសាសន៍ដទៃ ក៏អាចប្រើដើម្បីឆ្លងដែននៅច្រកទ្វារអន្តរជាតិត្រពាំងស្រែនេះផងដែរ។
ដោយឡែកនៅច្រកជ័យឃ្លាំង ដែលជាច្រកទ្វេភាគីវិញ ភាគច្រើនបំផុត ប្រើសម្រាប់តែការឆ្លងកាត់សម្រាប់ពលរដ្ឋជាប់ព្រំដែនប៉ុណ្ណោះ ហើយក៏មានការត្រួតពិនិត្យ និងបំពេញលិខិតស្នាមផ្សេងៗផងដែរ មុននឹងអនុញ្ញាតឱ្យឆ្លងកាត់។
លោកវរសេនីយ៍ឯក ឃួន សេងគឿន បានបញ្ជាក់ថា កម្លាំងនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានបំពេញការងារយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់កំណត់របស់អគ្គនាយកដ្ឋានអន្តរជាតិ ដោយមិនមានការអនុញ្ញាតឱ្យឆ្លងព្រំដែនដោយគ្មានការត្រួតពិនិត្យ ឬគ្មានឯកសារបញ្ជាក់នោះឡើយ។
«មិនមានប្រជាពលរដ្ឋវៀតណាម ដើរចូលកម្ពុជាដោយសេរីនោះទេ ទោះមានកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណក៏ដោយ គឺត្រូវបំពេញលក្ខខណ្ឌច្បាប់ទាំងឡាយសម្រាប់ការឆ្លងព្រំដែន»។ នេះជាការបញ្ជាក់របស់លោកវរសេនីយ៍ឯក ឃួន សេងគឿន។
ក្រៅពីពិនិត្យផ្ទាល់ពីការឆ្លងកាត់ផ្ទាល់នៅច្រកទ្វារព្រំដែនហើយនោះ ដើម្បីបានជ្រាបកាន់តែច្បាស់ពីស្ថានភាពនៃការឆ្លងកាត់ព្រំដែនរវាងខេត្តក្រចេះរបស់កម្ពុជា និងខេត្តប៊ិញភឿករបស់វៀតណាមនោះ ក្រុមការងារ Fresh News ក៏បានស្កាត់ជួបជជីកសួរជាមួយអភិបាលខេត្តក្រចេះ លោក វ៉ា ថន ផងដែរ។
ក្នុងនាមជាអភិបាលខេត្តក្រចេះ ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ លោក វ៉ា ថន តែងបានចូលរួមក្នុងកិច្ចប្រជុំនានា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះ។
លោក វ៉ា ថន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា រាល់កិច្ចប្រជុំ និងកិច្ចពិភាក្សាទាំងអស់ មិនមាននិយាយពីការបង្ហូរប្រជាពលរដ្ឋ ឬអនុញ្ញាតឱ្យប្រជាពលរដ្ឋនៃខេត្តក្នុងកិច្ចសហប្រតិបត្តិការនេះ ឆ្លងចេញចូលដោយសេរីនោះឡើយ។ រាល់ការឆ្លងចេញចូល គឺត្រូវតែអនុវត្តន៍តាមច្បាប់នានារបស់ប្រទេសនីមួយៗ។
លោក វ៉ា ថន បានបញ្ជាក់ដែរថា បច្ចុប្បន្នមានពលរដ្ឋវៀតណាម ផ្នែកជំនាញបច្ចេកទេសនានា នៅតាមក្រុមហ៊ុនវិនិយោគដោយវៀតណាម តែក៏អនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាផងដែរ។ សម្រាប់កម្លាំងពលកម្មនេះទៀតសោត គឺមានតែកម្លាំងពលកម្មជំនាញប៉ុណ្ណោះ សម្រាប់កម្លាំងពលកម្មទូទៅ គឺត្រូវតែជាពលរដ្ឋខ្មែរ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះដែរ លោក វ៉ា ថន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចុះទៅមើលជាក់ស្តែងនៅព្រំដែនខេត្តក្រចេះ ដែលមានផ្លូវក្រវាត់ព្រំដែនរួចរាល់ហើយនោះ។ លោក ក៏ប្រកាសបើកផ្លូវឱ្យអ្នកមានការសង្ស័យចូលទៅមើលតានកន្លែងវិនិយោគដោយវៀតណាមផងដែរ តើមានសុទ្ធតែជាជនជាតិវៀតណាម ដូចការចោទប្រកាន់ឬយ៉ាងណា?