(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើដល់អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដែលទើបនឹងទទួលបានមុខតំណែងថ្មី ត្រូវបន្តការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ព្រមទាំងប្រើប្រាស់ភាពឆ្លាតវៃ ក្នុងកិច្ចការងារគៀរគរសប្បុរសជន មកអភិវឌ្ឍន៍ស្រុកឱ្យទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត។
លោក ខូយ រីដា បានថ្លែងបែបនេះ នៅបរិវេណសាលាស្រុកភ្នំក្រវាញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ផង់ សារិន សមាជិកទី២ នៃអាជ្ញាធរអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, មន្ត្រីរាជការ, អាជ្ញាធរស្រុក ឃុំ ភូមិ ព្រមទាំងយុវជន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ យ៉ាងច្រើនកុះករ។
យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៨០៨ អនក្រ.តត ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ត្រូវបានសម្រេចតែងតាំង លោក ធាម សុផាត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ មកជាអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ជំនួសលោក ហេង សុភាណា ដែលត្រូវទទួលភារកិច្ចថ្មី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងភារកិច្ចថ្មី លោក ធាម សុផាត ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ មកជាអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដោយផ្អែកលើលក្ខណៈសម្បត្តិសមរម្យ និងដើម្បីសម្រួលការផ្តល់សេវានៅមូលដ្ឋានឱ្យកាន់តែលឿន មានភាពជឿជាក់ និងតម្លាភាព។ លោកសង្ឃឹមថា លោកអភិបាលស្រុក ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដែលមានពីមុន បន្តក្នុងការដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍ និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត។
ក្នុងនាមរដ្ឋបាលខេត្ត លោក ខូយ រីដា បានស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីការិយាល័យចំណុះសាលាស្រុក រដ្ឋបាលឃុំ ភូមិ និងប្រជាពលរដ្ឋ ផ្តល់ការគាំទ្រដល់លោកអភិបាលស្រុកថ្មី ដោយប្រមូលផ្តុំយកចិត្តទុកដាក់ លើកិច្ចការសំខាន់ៗទាំង១៤ចំណុច រួមមាន៖
ទី១៖ បង្កើនការគ្រប់គ្រងសភាពការណ៍នៅក្នុងមូលដ្ឋាន
ទី២៖ ស្រាយបំភ្លឺជូនប្រជាពលរដ្ឋ អំពីការបំផុសបំផុលផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានអំពើហឹង្សា ក្នុងសង្គមប៉ះពាល់សន្តិសុខ សណ្តាប់សាធារណៈ
ទី៣៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដោះស្រាយជម្លោះ ក្រៅប្រព័ន្ធតុលាការ
ទី៤៖ ជម្រុញអនុវត្តគោលនយោបាយបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ទី៥៖ ត្រូវបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ទី៦៖ រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់
ទី៧៖ រដ្ឋបាលស្រុក ឃុំ ត្រូវសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជន ដើម្បីកៀងគរថវិកា សម្ភារៈសម្រាប់អភិវឌ្ឍន៍
ទី៨៖ ត្រូវព្យាយាមសម្របសម្រួលដោះស្រាយ វិវាទដីធ្លី ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
ទី៩៖ ជម្រុញកិច្ចដំណើរការកំណែទម្រង់ ការងារតាមរចនាសម្ព័ន្ធថ្មី ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដា ដែលកំណត់ដោយក្រសួងស្ថាប័នវិស័យនីមួយៗ
ទី១០៖ លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព
ទី១១៖ ពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនង សាមគ្គីភាព ឯកភាព និងគោរពបទបញ្ជាផ្ទៃក្នុង
ទី១២៖ ការតែងតាំងមន្ត្រីរាជការ ចាំបាច់ត្រូវអនុវត្តតាមច្បាប់ ដោយឈរលើគោលការណ៍ត្រឹមត្រូវ
ទី១៣៖ ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ បណ្តុះបណ្តាល កសាងសមត្ថភាព មុខជំនាញ
និង១៤៖ បំផុសចលនា មហាជន ប្រជាជន ឱ្យចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងអាកប្បកិរិយា ជាមន្ត្រីប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយ៕