(សៀមរាប)៖ លោក ឌី រ៉ាដូ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលរងខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពិន ប្រាកដ ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង និងលោក ហែន ពុទ្ធី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក លី សំរិទ្ធ ដែលបានទទួលភារកិច្ចថ្មីជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

ពិធីនេះក្រោមវត្តមានរបស់លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា និងមានការចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រិក្សាខេត្ត, លោក លោកស្រី ជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក កងកម្លាំងទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ បានលើកឡើងពីស្ថានភាពភូមិសាស្ត្រទូទៅ និងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ក៏ដូចជា ការរីកចម្រើនក្នុងខេត្ត ព្រមទាំងសម្តែងនូវសេចក្តីរីករាយ ដែលទទួលបានថ្នាក់ដឹកនាំខេត្តបន្ថែមទៀត ដែលជាធនធានថ្មីសម្រាប់ការងាររដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍខេត្ត។

លោកបន្តថា មន្រ្តីដែលប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេស ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោក អ៊ុំ ម៉ារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរនាពេលកន្លងមក។

លោក អ៊ុំ ម៉ារ៉ា សង្ឃឹមថា អភិបាលរងទាំងពីរដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេស ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តសៀមរាប ឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកក៏បានកោតសរសើរដល់អភិបាលខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគម្រោងទីក្រុងស្អាត ក្នុងនោះដែរ មានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ឲ្យកាន់តែមានរបៀបរៀបរយ និងសោភ័ណ្ឌភាព បរិស្ថាន អនាម័យ ក្នុងក្រុងទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តផង​ដែរ។

លោកក៏បានលើកឡើងពីស្ថានភាពនយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងលើកអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) និងបានជំរុញដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំង បង្កើនការបង្ក្រាបអំពើជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបង្ក្រាបក្រុមក្មេងទំនើង ដើមី្បរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដែលជាកត្តាចំបងនៅក្នុងពេលបច្ចុប្បន្ន។ 

ជាមួយនេះដែរ លោកក៏បានជំរុញដល់អាជ្ញាធរខេត្ត ត្រូវមានកិច្ចសហការគ្នាល្អជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការបង្ក្រាបនូវរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកក៏បានផ្ដាំផ្ញើដល់អភិបាលរងខេត្តថ្មីទាំងពីរ ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនថែមទៀត៕