(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី និង លោក លន់ មុនីរតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម សុខ សាន្តតារា តំណាងដ៏ខ្ពង់ខ្ពស់ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេតព្រះវិហារ បាននិមន្ត និងអញ្ជើញចុះសំណេះសំណាល និងផ្ដល់ឱវាទដល់ព្រះមន្រ្តីសង្ឃក្នុងសាលាគណខេត្តព្រះវិហារ ស្ថិតនៅក្នុងវត្តប្រាសាទគោកបេង ភូមិគោកបេង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានការចូលរួមពីសំណាក់ព្រះមន្រ្តីសង្ឃ គណៈកម្មការ អាចារ្យ សរុបចំនួន ៤០០អង្គ/នាក់។
ជាមួយគ្នានេះ សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត សូមសម្តែងនូវការកោតសរសើរចំពោះសាលាគណខេត្តព្រះវិហារ ព្រះមេគណ ព្រះមន្រ្តី ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបានរៀបចំកម្មវិធី ស្ដីពី ការរៀបចំពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃ ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រីកតួនាទីភារកិច្ច របស់មន្រ្តីសង្ឃខេត្តព្រះវិហារ នេះឡើងប្រព្រឹត្តទៅមានភាពអធិកអធម៌ និងទទួលបានលទ្ធផលល្អប្រសើរ។
ទន្ទឹមនឹងនេះផងដែរ ដើម្បីជាការរួមចំណែកជាគំនិតក្នុងពិធីសំណេះសំណាលនាពេលនេះ សម្ដេច ព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា សូមចូលរួមនូវ ឱវាទមួយចំនួន ដូចខាងក្រោម៖
១៖ សូមគណៈសង្ឃខេត្តគ្រប់ឋានានុក្រម ពង្រឹងរចនាសម្ព័ន្ធដឹកនាំ (អភិបាលកិច្ចល្អ) ពង្រឹងការគោរពប្រណិប័តន៍ធម៌វិន័យ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ តាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់គ្រប់ជ្រុងជ្រោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
២៖ គណៈសង្ឃខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា បន្តសាមគ្គីភាពក្នុងជួរគណៈសង្ឃខេត្ត រួបរួមគ្នាបំពេញភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនាក្នុងខេត្ត មានភាពរីកចម្រើនបន្តទៀត។
៣៖ ព្រះឧបជ្ឈាយ៍ អ្នកបំបួសត្រូវមើលលក្ខណៈសម្បត្តិចំពោះកុលបុត្រ ដែលមានលក្ខណៈសមរម្យ សមគួរដល់ការបំបួសជាសាមណេរ វៀរលែងតែ អភព្វបុគ្គល ១១ពួក និងបុគ្គល ៣២ពួក ដែលព្រះពុទ្ធជាម្ចាស់ទ្រង់ បានបញ្ញត្តិក្នុងព្រះវិន័យរួចមកហើយ។ ចំពោះកុលបុត្រដែលមានសទ្ធាជ្រះថ្លាចូលមកបព្វជ្ជា បួសជាសាមណេរ ក្នុងព្រះពុទ្ធសាសនា ព្រះចៅអធិការ ត្រូវឱ្យកុលបុត្រនោះមកស្នាក់នៅក្នុងវត្ត ដើម្បីបង្រៀនធម៌ និង វិន័យខ្លះៗ ឱ្យបានចេះចាំនូវសិក្ខាបទ១០ ទណ្ឌកម្ម១០ នាសនង្គ១០ និងអង្គនៃសិក្ខាទាំង១០ ព្រមទាំងធម៌នមស្ការព្រះរតនត្រ័យ បច្ចវេក្ខណវិធី និងអនុមោទនាវិធីជាដើម។
៤៖ ព្រះសង្ឃត្រូវតម្កល់ខ្លួនជាបុញ្ញក្ខេត្ត ជាស្រែបុណ្យដ៏ប្រសើររបស់ ពុទ្ធបរិស័ទរកស្រែបុណ្យដទៃស្មើ ពុំមានឡើយ។ បច្ចុប្បន្ននេះ ព្រះសង្ឃដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Social Media) មាន ហ្វេសប៊ុក (Facebook) តិកតុក (TikTok) ជាដើម គួរគប្បីបង្ហោះផ្សព្វផ្សាយពីព្រះធម៌អប់រំដល់ពុទ្ធបរិស័ទឱ្យបានយល់ដឹងអំពីបុណ្យ បាប ចៀសវាងការបង្ហោះរូបភាពមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់ តម្លៃព្រះសង្ឃ និង ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
៥៖ តាមបណ្ដាវត្ត ព្រះចៅអធិការ គប្បីដឹកនាំព្រះសង្ឃ ធ្វើកិច្ចវត្តជារៀងរាល់ថ្ងៃ ពិសេសរៀងរាល់ថ្ងៃ ១៤ ឬ១៥រោច ១៤ ឬ១៥កើត ត្រូវដឹកនាំភិក្ខុសង្ឃធ្វើឧបោសថកម្ម ដើម្បីឱ្យមានសាមគ្គីភាពរវាងសង្ឃនិងសង្ឃ ព្រមទាំងដើម្បីញ៉ាំងសទ្ធាពុទ្ធបរិស័ទឱ្យរឹងរឹតតែជ្រះថ្លាឡើង។ ចំពោះអធិករណ៍ ដែលកើតមានឡើងក្នុងមូលដ្ឋាន ព្រះចៅអធិការ ព្រះគ្រូអនុគណ ព្រះមេគណ សហការ ជាមួយស្ថាប័នមានសមត្ថកិច្ចរួមគ្នាដោះស្រាយ និងរម្ងាប់អធិករណ៍ទាំងឡាយនោះ ទោះតូចក្ដីធំក្ដីឱ្យបញ្ចប់នៅមូលដ្ឋាន ឬនៅត្រឹមខេត្ត ធ្វើយ៉ាងណាកុំឱ្យជាជំងឺរ៉ាំរ៉ៃក្លាយជាជំងឺមហារីក។
៦៖ ដោយឡែកពុទ្ធិកសិក្សា ជាថ្នាលបណ្ដុះបណ្ដាលដល់សមណសិស្ស ឱ្យទទួលបានចំណេះដឹង ក្លាយជាបញ្ញវន្តសង្ឃ ដូចនេះព្រះចៅអធិការ ឬព្រះនាយក ត្រូវយកចិត្តទុកដាក់ឱ្យគ្រូបង្រៀនស្របតាមកម្មវិធីសិក្សារបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា។
ពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើង។
៧៖ គ្រប់វត្តអារាមដែលពុំទាន់មានប្លង់កម្មសិទ្ធិ គណកម្មការនិងព្រះចៅអធិការ ត្រូវធ្វើពាក្យស្មើសុំទៅអជ្ញាធរដែនដី ដើម្បីចេញបណ្ណកម្មសិទ្ធិសម្រាប់វត្ត។ ដោយឡែកចំពោះវត្តពុំទាន់មានរច្ចនាសម្ព័ន្ធព្រះមន្ត្រីសង្ឃគ្រប់គ្រាន់ត្រូវរៀបចំលិខិតស្នើសុំតែងតាំងតាមរយៈអជ្ញាធរមានសមត្ថកិច្ចប្រគេនទៅសម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានប្រកាសសនីយបត្រពេញសិទ្ធិ ងាយស្រួលក្នុងការគ្រប់គ្រងដឹកនាំវត្ត។