(កំពង់ស្ពឺ)៖ បណ្ឌិត កែរ រដ្ឋា សមាជិកក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំហោងសំណំ ស្រុកឱរ៉ាល់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយប្រជាការពារនៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅបរិវេណវត្តតាំងរបង។
សមាសភាពចូលរួមមាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំហោងសំណំ ប្រធានគណៈកម្មាធិការគណបក្សឃុំ មេប៉ុស្តិ៍ ប៉ូលិសបុស្តិ៍ និងប្រជាការពារទាំង ៩ភូមិក្នុងឃុំហោងសំណំ សរុប ៧១នាក់ ។
បណ្ឌិត កែរ រដ្ឋា បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដល់បងប្អូនប្រជាការពារទាំងអស់ ដែលលោកប្រធាន តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ និងជូនពរពួកគាត់ជួបប្រទះតែសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ។
បណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គពិធីអំពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យកាលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និតីកាលទី៧ បានអភិវឌ្ឍប្រទេសជាតិកម្ពុជា អោយរីកចម្រើនជឿនលឿនរុងរឿងថ្កុំថ្កើងរហូតដល់សព្វថ្ងៃនេះ និងបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីអោយក្លាយជាប្រទេសអ្នកមានកម្រិតមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសអ្នកមានកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
បណ្ឌិតបានលើកឡើងពីអត្ថប្រយោជន៍របស់ព្រែកជីកហ្វូណនតេជោ និងបានផ្សព្វផ្សាយអំពីខ្លឹមសារ កិច្ចសហប្រតិជបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ តាំងឆ្នាំ១៩៩៩ គោលបំណងលោកស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍខេត្តជាប់ព្រំដែននៃប្រទេសទាំង៣ ជាពិសេសប្រែក្លាយព្រំដែននេះ ជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
លោកបណ្ឌិតបានសំណូមពរប្រជាការពារទាំងអស់គ្នា បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋកម្ពុជាយើង អោយកាន់តែយល់ច្បាស់ នូវការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើង និងកុំចាញ់ឧបាយកលជនអគិតិមួយក្តាប់តូច អោយសោះ និងបានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ទោះបីតិចតួចក្តី ច្រើនក្តី ដើម្បីរួមគ្នាក្នុងមូលនិធិកសាងអភិវឌ្ឍតំបន់ព្រំដែនកម្ពុជា។
ក្នុងឱកាសនោះដែរ បណ្ឌិត កែរ រដ្ឋា បានជូនថវិកាដល់ប្រជាការពារ ៦១នាក់ ម្នាក់ៗទទួលបានថវិកា ២០ ០០០រៀល និងប៉ូលីសបុស្ដិ៍ ៥នាក់ ម្នាក់ទទួលបានថវិកា ៣០ ០០០រៀល ។
ប្រជាការពារបានសំណូមពរ ឯកសណ្ឋានប្រជាការពារម្នាក់មួយកំភ្លេ អាយកូមម្នាក់មួយ និងស្នើសុំមានការឧបត្ថម្ភថវិកាប្រចាំខែផងដែរ៕