(ភ្នំពេញ)៖ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC តំណាងឱ្យសហព័ន្ធសហជីព សមាគម មានសមាជិក-សមាជិកា ជាកម្មករនិយោជិតក្នុងនិងក្រៅប្រព័ន្ធជាង៤ម៉ឺននាក់នៅកម្ពុជា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានតាមដានយ៉ាងយកចិត្តទុកដាក់ដោយសង្កេតឃើញថា ក្រុមបាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ បានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
បាតុករស្ត្រីម្នាក់បានលើកឡើងថា៖ នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹម សុខ ថាតើធ្វើយ៉ាងណាជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្តទម្លាក់របបផ្តាច់ការចោល ទើបអាចប្តូរយករបបប្រជាធិបតីយ្យពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្តាច់ការ ទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ។ នេះគឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិតនៃការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា បាតុកម្មនេះមានក្រុមជ្រុលនិយមរបស់ជនក្បត់បីជំនាន់ សម រង្សី នៅពីក្រោយ។
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC សូមបញ្ជាក់ថា ការចូលរួមសម្ដែងមតិទាមទារ ឬតវ៉ាណាមួយ គឺជាសិទ្ធិ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើបាតុកម្ម ឬកុបកម្ម គឺជារឿងខុសច្បាប់ទាំងស្រុង។ បើបងប្អូនពលករ ឬជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើបាតុកម្ម ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនោះ គឺជារឿងក្បត់ជាតិ ខុសច្បាប់ទាំងស្រុង ដែលច្បាប់មិនអនុញ្ញាត ហើយបងប្អូនប្រព្រឹត្តខុសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC សូមបងប្អូននៅកូរ៉េខាងត្បូងត្រូវតែពិចារណាឱ្យបានច្បាស់ បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ វាទាល់តែយើងកុំធ្វើ កុំដើរតាមការអូសទាញពីក្រុមឧទ្ទាមក្រៅច្បាប់ បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នោះចៀសមិនផុតពីចូលរួមនូវសកម្មភាពក្បត់ជាតិ ព្រោះការធ្វើបាតុកម្មខ្លះប្រៀបដូចជាហុចដាវឱ្យសត្រូវយ៉ាងដូច្នោះ ព្រោះបរទេសខ្លះចង់គេងចំណេញ បានអុជអាលបន្លំធ្វើសកម្មភាពឱ្យអន្តរជាតិមើលឃើញថាកម្ពុជា អស្ថិរភាពនយោបាយ មានចលាចលផ្សេងៗនាំឱ្យវិនិយោគិនបរទេសខ្លាចរអាហើយបែរជាទៅវិនិយោគនៅប្រទេសគេវិញ។
សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC សូមប្រកាសថ្កោលទោស និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះ ទង្វើ«ក្រុមឧទ្ទាមក្រៅច្បាប់» មានបំណងធ្វើ បដិវត្តផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕