(សៀមរាប)៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនមគ្គុទ្ទេសក៍ទេសចរណ៍ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានឱ្យដឹងថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង ស្ថាប័ន និងផ្នែកឯកជនពាក់ព័ន្ធ ជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា ធុរកិច្ចជាច្រើននៅខេត្ដសៀមរាប ដើម្បីជំរុញការស្តារឡើងវិញនូវវិស័យទេសចរណ៍។
ព្រឹត្តិការណ៍ទេសចរណ៍ទាំងនោះ មានដូចជា៖
* ព្រឹតិ្តការណ៍ Gumball 3000 Rally in Cambodia ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមានការចូលរួមពីរថយន្តប្រតិភូ Gumball 3000 ចំនួន១៥០គ្រឿង និងរថយន្តមហាជនគាំទ្រក្នុងស្រុកប្រមាណ២៥០គ្រឿង ដែលនឹងជួបជុំនៅបរិវេណរមណីយដ្ឋានអង្គរ ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក (Guinness World Records)។
* វេទិកាទេសចរណ៍កម្ពុជា-ចិន (Cambodia-China Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
* ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នៅខេត្តសៀមរាប នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។
* វេទិកាវប្បធម៌ពុទ្ធសាសនានិងទេសចរណ៍ឆ្នាំ២០២៤ (Buddhist Culture and Tourism Forum 2024) នៅខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
* ពិព័រណ៍ទេសចរណ៍ចិនឆ្ពោះទៅកាន់ខេត្តសៀមរាប (China Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
* ព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) នៅខេត្តសៀមរាប នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
* វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា (Cambodia-India Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
* ពិព័រណ៍ទេសចរណ៍ឥណ្ឌាឆ្ពោះទៅកាន់ខេត្តសៀមរាប (India Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
* ចំពោះយុទ្ធនាការទស្សនាសៀមរាប២០២៤ បន្ថែមពីព្រឹត្តិការណ៍ធំៗដែលបានរៀបចំនាពេលកន្លងមក ក្រសួងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា ផ្សារភ្ជាប់នឹងបេតិកភណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបផងដែរ។
លើសពីនេះទៀត ក្រសួងទេសចរណ៍កំពុងរៀបចំគេហទំព័រ និងកម្មវិធីទូរសព្ទដៃ Visit Cambodia ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងសម្រួលដល់ការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងទស្សនាកម្សាន្ត រួមទាំងការជ្រើសរើសកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមានភាពងាយស្រួលបន្ថែមទៀត។ ដោយឡែក ក្រសួងទេសចរណ៍កំពុងសហការជាមួយស្ថានទូតចិន និងក្រុមហ៊ុន China Tourism Group ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទេសចរចិនឱ្យមកទស្សនានិងវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ម្យ៉ាងវិញទៀត ក្រសួងក៏កំពុងគិតគូរជំរុញការសិក្សាពាក់ព័ន្ធនឹងបទពិសោធន៍ពេលរាត្រីនៅតំបន់អង្គរ យុទ្ធសាស្រ្តក្នុងការកំណត់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងការងារឌីជីថលអង្គរផងដែរ៕