(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្រ្តាលី ចំនួន ១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនិកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយដំណើរចូលដល់កំពង់ផែរបស់កម្ពុជា នាវាចម្បាំង ក៏ដូចជាកងទ័ពជើងទឹករបស់អូស្ត្រាលីនៅលើនាវា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវរនាវីឯក មាន សាវឿន នាយសេនាធិការ រងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា នាវាចម្បាំងរបស់អូស្ត្រាលីដែលចូលចតនៅផែរបស់កម្ពុជានាព្រឹកនេះ មានឈ្មោះ HMAS Perth-FFH157 (Anzac Class FFH) ដឹកនាំដោយលោកវរនាវីទោ Ben Dalton មេបញ្ជាការនាវា ។ ការចលមកកម្ពុជានាពេលនេះ មានគោលបំណងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ (កម្ពុជា-អូស្ត្រាលី) ឱ្យកាន់តែល្អប្រសេីរឡេីងបន្ថែមទៀត។

នាវាចម្បាំងនេះ មានយោធិនចំនួន ១៩៣នាក់, នាយនាវី ៣២រូប នាវិក ១៥៨រូប និងយានិក០៣នាក់ (អ្នកបើកបរឧទ្ធម្ភាគចក្រ)

នាវា HMAS Perth-FFH157(Anzac Class FFH) មានបណ្ដោយ ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ, កម្ពស់ ៣២,៤៧ម៉ែត្រ , ជម្រៅទឹក ៦,៤ម៉ែត្រ, ទម្ងន់ផ្ទុក ៣៩០០តោន, ល្បឿន ៣២kts មានឧទ្ធម្ភាគចក្រ ចំនួន១គ្រឿង ប្រភេទMH60-R Seahawk។

សូមជម្រាបថា ទំនាក់ទំនងការទូតរបស់អូស្ត្រាលី និងកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ ដោយប្រទេសអូស្ត្រាលី តែងតែគាំទ្រដល់ការអភិវឌ្ឍន៍ និងការខិតខំកសាងសន្តិភាពរបស់កម្ពុជា៕