(ព្រៃវែង)៖ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម ប្រតិបត្តិការផែស្វយ័តភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះស្ដេច បានណែនាំឲ្យសិស្សានុសិស្ស ដែលត្រៀមប្រលងកម្រិតមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ «ត្រូវរៀនឲ្យចេះ ជាជាងការរៀនឲ្យចាំ»។
លោកស្រីបានបន្តថា ដើម្បីជោគជ័យនៅក្នុងជីវិតនាថ្ងៃខាងមុខ គឺមិនគ្រាន់តែការរៀនឲ្យចាំ ហើយប្រឡងបាននិទ្ទេសល្អនោះទេ។
លោកស្រី ហ៊ឺ ផានិន បានបន្តទៀតថា នៅក្នុងដំណើរជីវិត ជាពិសេសនៅក្នុងការប្រកបការងារ ប្រសិនបើយើងចេះ គឺយើងអាចយកទៅធ្វើការដោះស្រាយ ជាមួយនឹងការងារគ្រប់បញ្ហា។ ប៉ុន្តែបើយើងចាំ គឺគ្រាន់តែហេតុការណ៍ ឬមានការផ្លាស់ប្ដូរបន្តិច គឺយើងនឹងមិនមានភាពបត់បែន នៅក្នុងការដោះស្រាយបញ្ហានោះទេ។
លោកស្រីអគ្គនាយករង អាជីវកម្ម ប្រតិបត្តិការផែ មានប្រសាសន៍បែបនេះ ក្នុងឱកាសតំណាងលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាល ចុះមូលដ្ឋានស្រុកព្រះស្ដេច អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្ស ឆ្នាំសិក្សា ២០២៣-២០២៤ និងប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់សិស្សនិទ្ទេស A និង B ចំនួន៥៥រូប នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។
លោកស្រី ហ៊ឺ ផានិន បានលើកឡើងថា «ពេលដែលប្អូនៗចូលធ្វើការ ឬក៏ក្នុងដំណើរជីវិត បើសិនជាយើងចេះ គឺយើងអាចយកវាទៅប្រើប្រាស់នូវគ្រប់រឿង, ប៉ុន្តែបើចាំ គឺគ្រាន់តែហេតុការណ៍ មានការផ្លាស់ប្តូរបន្តិច គឺប្អូនៗនឹងមិនមានភាពបត់បែន នៅក្នុងការដោះស្រាយបញ្ហានោះទេ»។
លោកស្រី បន្តថា «អ្វីដែលសំខាន់ សម្រាប់ការជោគជ័យ គឺភាពឆ្នៃប្រឌិត អីចឹងយើងឃើញអ្នកដែលមាននិទ្ទេសល្អៗ ប៉ុន្តែចូលទៅកន្លែងធ្វើការងារ គាត់នឹងប្រឈមនឹងបញ្ហា៣ គឺមិនសូវចាំបត់បែន មិនមានភាពរហ័សរហួស ក្នុងការដោះស្រាយបញ្ហា និងមិនសូវច្នៃប្រឌិត ដោយសារតែគាត់ត្រឹមតែចាំនូវអ្វី ដែលជាមេរៀនល្អៗ ដែលគេបានប្រាប់មកគាត់ ប៉ុន្តែបើសិនជាគាត់ចេះវិញ គឺគាត់នឹងយកទៅធ្វើការដោះស្រាយ លើរឿងទាំងអស់»។
លោកស្រី ហ៊ឺ ផានិន បានណែនាំដែរថា ក្រោយជោគជ័យការប្រឡងបាក់ឌុប ហើយចូលដល់ការជ្រើសរើសជំនាញ នៅមហាវិទ្យាល័យនោះ, សូមរើសជំនាញ ឱ្យត្រូវនឹងភាពខ្លាំងរបស់ខ្លួន ព្រោះប្រសិនជាយើងរើសនូវជំនាញ តាមសង្គមគ្រួសារ និងមិត្តភក្កិ អាចថានៅពេលដែលយើងចាប់ផ្ដើមរៀន ឬចាប់ផ្ដើមធ្វើការផ្នែកនោះ យើងនឹងចាប់ផ្ដើមធុញទ្រាន់។
ជាមួយគ្នានោះ ត្រូវជ្រើសរើសជំនាញ ដែលត្រូវនឹងទីផ្សារនាពេលខាងមុខ ជាជាងការមើលត្រឹមតែទីផ្សារនាពេលបច្ចុប្បន្ន ហើយលោកស្រី ក៏បានលើកទឹកចិត្តឲ្យសិស្សនិស្សិតទាំងអស់ បើអាចធ្វើទៅបាន គួរតែរៀនបណ្ដើរធ្វើការបណ្ដើរ ព្រោះនៅពេលដែលយើងបញ្ចប់ការសិក្សា ហើយដាក់ពាក្យស្វែងរកការងារធ្វើ យើងនឹងមានចំណុចខ្លាំងជាងគេ ពោលគឺមានបទពិសោធន៍ការងារ ជាងអ្នកដែលត្រឹមតែរៀនហើយមិនធ្វើការ។
សូមជម្រាបថា ដើម្បីជាការឆ្លើយតប និងលើកទឹកចិត្ត, លោក ហ៊ឺ បាវី តែងតែផ្តល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A និង B នៅស្រុកព្រះស្តេច ដែលផ្តល់ការទៅសិក្សានៅក្រៅប្រទេស រួមានប្រទេសចិន និងទៅតាមសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ តាមជំនាញផ្សេងៗ ហើយក៏មានឱកាសការងារសម្រាប់យុវជន នៅស្រុកព្រះស្តេច នៅកំពង់ផែស្វយ័តភ្នំពេញផងដែរ ពោលគឺរៀនបណ្តើរ ធ្វើការងារបណ្តើរ៕