(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្ស យ៉ត សេងយៀក សាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម បានមានថេរដីកាថា កិច្ចសហការលើកិច្ចអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង គឺកិច្ចការធម្មតាសម្រាប់ការដឹកនាំជាតិរបស់នានានៅលើពិភពលោក។
សម្តេចព្រះមហាអរិយវង្ស យ៉ត សេងយៀក ជាសមណនិស្សិត ជាបញ្ញវន្តសង្ឃមួយអង្គដែលបានសិក្សាបញ្ចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យល្បីៗលើពិភពលោក រួមទាំងសាកលវិទ្យាល័យហាវើដរបស់អាមេរិកផងដែរ។ សម្តេច យ៉ត សេងសៀក មានថេរដីកាពាក់ព័ន្ធកិច្ចសហការអភិវឌ្ឍន៍ជាតិរវាងប្រទេសមានព្រំដែនជាប់គ្នា ក្នុងគ្រាមានទស្សនៈមួយវំនួនប្រតិកម្មនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។
សម្រាប់សម្តេច យ៉ត សេងសៀក កិច្ចសហប្រតិការអភិវឌ្ឍន៍រវាងកម្ពុជា ជាមួយឡាវ វៀតណាម និងថៃជាដើម គឺជាការធម្មតាមួយសម្រាប់ការដឹកនាំជាតិ ហើយកិច្ចការទាំងនេះមិនមែនមានតែនៅកម្ពុជានោះដែរ គឺមានសម្រាប់ការដឹកនាំរបស់ប្រទេសនានាលើពិភពលោកផងដែរ។
សម្តេច យ៉ត សេងសៀក មានទស្សនៈថា ជម្លោះបែកបាក់របស់ខ្មែររាប់សិបសតវត្សរន៍កន្លងមកនេះ ហាក់ធ្វើឱ្យពលរដ្ឋខ្មែរបាក់ស្បាតពេលនិយាយដល់បរទេស។
សម្តេច យ៉ត សេងសៀក បានផ្តល់គំនិតឱ្យមើលនូវចេតនានៃការដឹកនាំរបស់រាជរដ្ឋាភិបាល តើចង់ឱ្យទឹកដីនេះបាត់បង់ឬយ៉ាងណា? ព្រះអង្គមានថេរដីកាថា ទឹកដីដែលខ្មែរសល់ពេលបច្ចុប្បន្ននេះ សល់ដោយការប្រឹងប្រែងការពាររបស់ថ្នាក់ដឹកនាំជាតិ ដូច្នេះគ្មានហេតុផលអ្វីលើកដៃកាត់ដីឱ្យគេនោះទេ។
សម្តេច យ៉ត សេងសៀក បានអំពាវនាវឱ្យមានការសិក្សា ហើយត្រិះរិះពិចារណាឱ្យបានល្អិតល្អន់លើកិច្ចការទាំងឡាយរបស់ជាតិ មិនត្រូវធ្វើអ្វីដោយគ្មានមូលដ្ឋានយល់ដឹងនោះឡើយ៕