(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
តាមរយៈសារលិខិតផ្ញើទៅកាន់ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលជាស្វាមីរបស់ លោកជំទាវ សម្តេចបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ»។
សម្តេចបានបន្តថា ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេច និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងព្រះបរមរាជវាំង និងសូមសម្តែង នូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅបំផុត ព្រោះការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្ការ គង់ សំអុល គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គ ឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិ មិត្តជិតឆ្ងាយទាំងអស់ ពិសេស ជាការបាត់បង់ឥស្សរជនកម្ពុជាដ៏ឆ្នើមមួយរូបដែលគួរឱ្យគោរពស្ញប់ស្ញែងបំផុត។
សម្តេចបានបញ្ជាក់បន្ថែមថា៖ «តាំងពីអតីតកាលរហូតរៀងមក សម្តេច តែងបានបូជានូវកម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងការធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងលើកស្ទួយកិត្តិយស កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ»។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត សូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕