(សៀមរាប)៖ លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសកម្ពុជា និងថៃ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចពិសេសនៅ អង្គការ «ជឿជាក់លើសិស្សជនបទកម្ពុជា» នៅខេត្តសៀមរាប។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ត្រូបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយគ្រួសារ Palti មកពីទីក្រុងម៉ែលប៊ែន (Melbourne) ប្រទេសអូស្ត្រាលី ដោយមានចក្ខុវិស័យក្នុងការអប់រំអ្នកដឹកនាំនាពេលអនាគត ដោយផ្តល់អាហា រូបករណ៍ដល់សិស្សនិស្សិត ដែលមកពីគ្រួសារខ្វះខាតឱ្យទទួលបានការសិក្សានៅវិទ្យាល័យ និងសាកលវិទ្យាល័យឯកជន ដែលល្អបំផុតនៅក្នុងខេត្តសៀមរាប។ បច្ចុប្បន្ននេះ សិស្ស និងនិស្សិតមានចំនួន ១០៥ នាក់ដែលអង្គការផ្តល់​ប្រាក់ឧបត្ថម្ភប្រចាំខែ ការថែទាំសុខភាព ថ្នាក់ភាសាអង់គ្លេស និងថ្នាក់កុំព្យូទ័រប្រចាំថ្ងៃផងដែរ។

អង្គការក៏បានផ្តល់ជូនសិស្ស និងនិស្សិត នូវការអប់រំផ្នែកអាជីវកម្ម និងការអប់រំជំនាញទន់ (Soft Skills) ដល់សិស្សានុសិស្សរបស់អង្គការជាប្រចាំ ដើម្បីដឹកនាំ និងគ្រប់គ្រងអង្គការ ព្រមទាំងគម្រោងសេវាសង្គម ដែលជួយអភិវឌ្ឍសហគមន៍ ដូចជា៖

១- គម្រោង សាងសង់ផ្ទះ ក្រៅពីការសិក្សា សិស្ស និងនិស្សិតរបស់អង្គការ តែងតែចុះទៅសាងសង់ផ្ទះ និងចែកគ្រឿងឧបភោគបរិភោគប្រចាំខែ ដល់គ្រួសារមានជីវភាពខ្វះខាតនៅ ក្នុងខេត្តសៀមរាប។ ក្នុងរយៈពេល១៣​ ឆ្នាំកន្លងមកនេះ យើងបានសាងសង់ ផ្ទះចំនួន ជាង ១០០ ខ្នង និង ២២ គ្រួសារត្រូវបានបានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគប្រចាំខែ។
២-  គម្រោង Project Y Frozen Yogurt ជាសហគ្រាសសង្គមដើម្បីការអប់រំ បានបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីបង្រៀននិស្សិតអោយចេះបង្កើត និងគ្រប់គ្រងអាជីវកម្ម បណ្ដុះគំនិត និងបំណិនសហគ្រិន ព្រមទាំងកៀងគរថវិកា តាមរយការលក់យ៉ាអួទឹកកកដើម្បីផ្តល់អាហារូបករណ៍ និងជួយក្នុងការងារសង្គម។
៣- គម្រោង ជី (Project G ) ជាគម្រោងលើកកម្ពស់ក្មេងស្រី និងស្រ្តី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៨ មានបេសកកម្ម ផ្ដល់ជូននូវក្រណាត់អនាម័យ ដែលធ្វើពីកប្បាសដល់សិស្សស្រីៗប្រើប្រាស់អំឡុងពេលមករដូវ ដោយឥតគិតថ្លៃ ដើម្បីគ្រប់គ្រងការមករដូវ និងវគ្គសិក្ខាសាលា អំពីមូលដ្ឋានគ្រឹះនៃសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដល់សិស្សានុសិស្សតាមសាលារៀន ទូទាំងក្នុងខេត្តសៀមរាប។
៤- គម្រោងប្រូជេកវី (Project V ) ជាគម្រោងផ្តល់បទពិសោធន៍ទៅដល់អ្នកស្ម័គ្រចិត្តក្នុង និងក្រៅប្រទេស​ដើម្បីចូលរួមស្ម័គ្រចិត្តលើការងារសង្គមជាមួយអង្គការ និងស្វែងយល់អំពីកម្ពុជាតាមរយៈការចូលរួមសកម្មភាពជាមួយគម្រោង។
៥- គម្រោង (Project B ) មានបេសសកម្មចុះចែកកង់​ដល់សិស្សនៅទីជនបទ និងកម្មវិធីជួសជុលកងចល័តនៅតាមសាលារៀន ដែលបានបង្កើតឡើងនៅឆ្នាំ២០១៩។​ គម្រោងប៊ីនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយចំណែកក្នុងការទប់ស្កាត់ការបោះបង់ចោលការសិក្សាដោយកត្ដាគ្មានមធ្យោបាយធ្វើដំណើរ​។
៦- គម្រោង (Project R) បង្កើតឡើងនៅចុងឆ្នាំ២០១៩ ដែលមានគោលបំណងក្នុងការផ្ដល់ឱ្យនូវដំណោះស្រាយ ចំពោះបញ្ហាប្លាស្ទិកតាមរយៈ បដិសេធ កាត់បន្ថយការប្រើប្រាស់ និងកែច្នៃប្លាស្ទិក។.
៧- គម្រោង Project L ជាគម្រោងផ្ដល់ជូននូវអំពូលភ្លើងសូឡាខ្នាតតូច ដល់សិស្សានុសិស្សនៅតាមសាលារៀនក្នុងតំបន់ដាច់ស្រយាលជួបការលំបាក ដើម្បីធ្វើការសិក្សានៅពេលយប់។
៨- Project W ជាគម្រោងទឹកស្អាត និងអនាម័យ ជាគម្រោងដែលបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន។ គម្រោងនេះ មានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អ ប្រសើរនៅតាមសាលារៀន ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិក ដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ។
៩- Project T - ជាគម្រោងដាំដើមឈើ ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ជាមួយចក្ខុវិស័យ ការចូលរួមបង្កើតបរិស្ថានបរិសុទ្ធប្រកបដោយនិរន្តរភាពដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស និងធម្មជាតិ ដោយដាំដើមឈើ នៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប និងនៅជនបទ ដើម្បីបង្កើននូវសម្រស់ក្នុងក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ និងជួយលើកកម្ពស់សោភ័ណភាពឲ្យកាន់តែស្រស់ស្អាតថែមទៀត។

និស្សិតរបស់អង្គការបានចែករំលែក ឯកអគ្គរដ្ឋទូត Sagiv ពីរបៀបដែលនិស្សិតសាកលវិទ្យាល័យ ដឹកនាំ និងគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលលំដាប់ពិភពលោក ដែលធ្វើការលើក្នុងវិស័យជាច្រើនដូចជា៖  លើកកម្ពស់ស្រី្ត ផ្តល់អគ្គិសនីប្រើប្រាស់ វិសមភាពសង្គម បរិស្ថាន បំផុសស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅជនបទរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

ក្នុងឱកាសនោះ លោកស្រី Orna Sagiv ក៏បានចែករំលែកបទពិសោធន៍ និងចំណង់ចំណូលចិត្តរបស់លោកស្រីចំពោះការអប់រំ ការលើកកម្ពស់ និងបង្រួបបង្រួមមនុស្សជាតិពីប្រទេសផ្សេងៗ ដើម្បីទទួលបានជីវិត កាន់តែប្រសើរឡើង។ លោកស្រី ក៏បានចែករំលែកនូវប្រវត្តិខ្លះៗរបស់ប្រទេសអ៊ីស្រាអែលដែលបានអភិវឌ្ឍពីសង្គមកសិកម្មឲ្យក្លាយទៅជាអ្នកដឹកនាំអន្តរជាតិក្នុងវិស័យកសិកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។

លោកស្រីក៏បានកោតសរសើរដល់ក្រុមនិស្សិតរបស់អង្គការ ចំពោះការងារដែលបានអនុវត្តនាពេលកន្លងមក និងបន្តការងារនេះតទៅមុខទៀត ដើម្បីបន្តលើកកម្ពស់ដល់ជ៎វភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានេះ លោក ឆាយ ដឹប នាយកប្រតិបត្តិនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា បានសម្តែងនូវសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានរបស់លោកស្រី Orna Sagiv  ដែលបានអញ្ជើញមកទស្សនកិច្ចនៅ ការិយាល័យអង្គការ និងឧមត្ថម្ភ និងគាំទ្រនៅក្នុងកម្មវិធីមួយចំនួនរបស់អង្គការ។ លោកសង្ឃឹមថា លោកស្រី នៅតែបន្តសហការជាមួយនឹងអង្គការ ចំពោះគម្រោងជាច្រើនទៀតផងដែរ៕