(បាត់ដំបង)៖ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានបន្តដឹកនាំពិភាក្សាជាមួយដៃគូសម្ធ័ន្ធមេត្រីភាពផ្តោតសំខាន់ទៅលើ ការងារមួយចំនួន ដើម្បីដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥ ខេត្តបាត់ដំបង។
កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិន រួមមាន៖ មេបញ្ជាការយោធភូមិភាគ៥, តំណាងអគ្គនាយកពន្ធដារ, រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋលេខាធិការក្រសួងសុខាភិបាល, អគ្គនាយករង អគ្គនាយកដ្ឋានរតនាគារ, តំណាងក្រសួងរុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិជ្ជា និងនវានុវត្តអភិបាលរង នៃគណអភិបាលខេត្តបាត់ដំបង, អភិបាលរង នៃគណអភិបាលខេត្តប៉ៃលិន។ ពិធីបើកសិក្ខាសាលា បានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា កិច្ចពិភាក្សាជាមួយដៃគូសម្ធ័ន្ធមេត្រីភាពផ្តោតសំខាន់ទៅរួមមានដូចខាងក្រោម៖
*ទី១៖ តម្រង់ទិសឱ្យអង្គភាពទ័ព រៀបចំផែនការលម្អិត ផែនការសកម្មភាពតម្រូវការជាក់ស្ដែង និងតម្រូវការជាអាទិភាពដើម្បីស្នើសុំដៃគូសម្ព័ន្ធមេត្រីភាព
*ទី២៖ អង្គភាពស៊ីវិលដែលជាដៃគូសម្ព័ន្ធមេត្រីភាពត្រូវរៀបចំផែនការ និងកំណត់អំពីជំនួយ ជួយដល់អង្គភាពទ័ពលើតម្រូវការចាំបាច់ និងអាទិភាពដើម្បីជួយឧបត្ថម្ភដល់អង្គភាពកងទ័ព
*ទី៣៖ ការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាព បម្រើទស្សនៈវិស័យយូរអង្វែង ដូចជា៖ ការស្ថាបនាសំណង់អគារ លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវតាមបណ្ដាព្រំដែន រួមគ្នាជាមួយដៃគូសម្ព័ន្ធមេត្រីភាព ដែលមានស្រាប់ សហការផ្ដួចផ្ដើមគម្រោងអភិវឌ្ឍន៍បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។
ដោយឡែកសម្រាប់ពិធីបើកភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានលើកឡើងថា ការងារសម្ព័ន្ធ មេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយយន្តការនេះត្រូវបានយកចិត្តទុកដាក់អនុវត្តបន្ត ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងគោលដៅរួមចំណែកក្នុងការកសាង និងពង្រឹងខឿនការពារជាតិ។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទរូបនេះ បានបញ្ជាក់ថា ពិធីសាររវាងកងការពារព្រំដែនលេខ៥០២ និងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ កងទ័ពជើងគោក ចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវរសេនាតូចថ្មើរជើងលេខ១ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពល៕