(ភ្នំពេញ)៖ មរណភាពរបស់លោកវរសេនីយ៍ទោ ខេង ឆៃយុទ្ធ ក្នុងឧបទ្ទវហេតុធ្លាក់​ឧទ្ធម្ភា​គ​​​​ចក្រកាលពីខែកក្កដា កន្លងទៅនោះ មិនត្រឹមបន្សល់នូវភាពសោកសង្រេង ការនឹក​ស្រ​ណោះ​សម្រាប់គ្រួសារនោះទេ តែក៏បាននាំឱ្យគ្រួសារជួប​ការលំបាក​សម្រាប់​ការរស់នៅ​ប្រចាំ​ថ្ងៃផងដែរ។

ដើម្បីសម្រាលបន្ទុកភរិយាដែលជាស្ត្រីមេម៉ាយ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍​ជូន​កូន​របស់លោកវសេនីយ៍ទោ ខេង ឆៃយុទ្ធ ចំនួនពីររូបឱ្យសិក្សានៅសាលាសុវណ្ណភូមិរយៈពេល១២ឆ្នាំ។

កូនរបស់លោកអាកាសយានិក ខេង ឆៃយុទ្ធ ដែលទទួលបានអាហារូបករណ៍សិក្សា​នៅ​សាលាសុវណ្ណភូមិនេះ រួមមាន៖ ទី១) ឈ្មោះ ខេង ឌីមកេត ភេទស្រី អាយុ ៥ឆ្នាំ, ទី២) ឈ្មោះ ខេង ឌីវិភព ភេទប្រុស អាយុ៣ឆ្នាំ។

ការផ្តល់អាហារូបករណ៍នេះ បង្ហាញឱ្យឃើញការគិតគូរ និងសមានចិត្តអានិតអាសូរដ៏​ជ្រាល​ជ្រៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីចំពោះកូនរបស់យុទ្ធជនដែលបានពលី​ជីវិត​ក្នុងបុព្វហេតុជាតិ។ អាហារូបករណ៍នេះ បានសម្រួលដល់ការលំបាកក្នុងជីវភាព​គ្រួសារ​សពលោកវរសេនីយ៍ទោ ខេង ឆៃយុទ្ធ ហើយក៏ជាធានាដល់ការអប់រំកូនៗឱ្យទទួលបាន​ចំណេះដឹងខ្ពស់ជាទុនសម្រាប់ជីវិតរបស់ពួកគេ។

អ្នកស្រី ឆែម កល្យាណ ជាភរិយារបស់លោក ខេង ឆៃយុទ្ធ រីករាយជាពន់ពេកចំពោះ​ទឹកចិត្ត​សណ្តោស​ប្រណី និងការគិតគូរខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អ្នកស្រី ឆែម កល្យាណ បានបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត៕