(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មកទល់ពេលនេះ ជំងឺអ៊ុតស្វា Mpox ប្រភេទថ្មី clade1.B មិនទាន់មាននៅប្រទេសកម្ពុជាទេ។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ចុះពិនិត្យទីតាំងរក្សាវ៉ាក់សាំងនៅមជ្ឍមណ្ឌលគាំពារមាតា ទារក និងកុមារ និងនៅឃ្លាំងរក្សាទុកវ៉ាក់សាំង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីបានថ្លែងថា «ករណីអ៊ុតស្វា ឬដែលហៅថា Mpox ប្រភេទថ្មី clade1.B មិនទាន់ឆ្លងចូលប្រទេសកម្ពុជានៅឡើយទេ»។
លោកសាស្ត្រាចារ្យបានបន្តថា ក្រុមការងាររបស់ក្រសួងសុខាភិបាល ក្រុមចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែនគោក ក៏កំពុងតែតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលចូលមកទឹកដីប្រទេសកម្ពុជា តាមរយៈការស្កេនមើលនៅលើដៃ និងរោគសញ្ញាលើអ្នកធ្វើដំណើរចូលមកកម្ពុជា។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ឈាង រ៉ា បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្វែងយល់ពីការផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺអ៊ុតស្វានេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ហើយក្នុងករណីមានការសង្ស័យសូមអញ្ជើញមកមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីត្រួតពិនិត្យឱ្យកាន់តែច្បាស់ថា មែន ឬមិនមែន ពិសេសដើម្បីទទួលបានការព្យបាលឱ្យបានត្រឹមត្រូវ សុវត្ថិភាព។
លោកបានបន្តទៀតថា នៅកម្ពុជាកន្លងទៅធ្លាប់តែមានតែជំងឺអ៊ុតស្វាប្រភេទចាស់ (clade2) ដែលមានសភាពស្រាលៗ មិនបង្កហានិភ័យដល់ជីវិតមនុស្សឡើយ ក្នុងនោះមានតែ២០ករណី និងបានព្យាបាលជាសះស្បើយអស់ហើយដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ដោយទទួលបានអនុសាសន៍ណែនាំពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ប្រតិភូអន្តរក្រសួង ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះត្រួតពិនិត្យនៅតាមច្រកចេញចូលអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ ការនាំចូលជំងឺអឹមផកចូលមកកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យរួមគ្នា ទប់ស្កាត់ ការនាំចូលជំងឺអឹមផក (MPOX clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើន រំលឹកដល់អ្នកដំណើរទាំងអស់ផងដែរ។ លើសពីនោះគឺពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្គតតាមដានរាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់៕