(ភ្នំពេញ)៖ គិតត្រឹម៦ខែដើមឆ្នាំ២០២៤ ទុនវិនិយោគក្នុងវិស័យសំណង់អគារ នៅក្នុងប្រទេសកម្ពុជា បានកើនដល់ប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញក៏ដោយ។ នេះបើតាមលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «បទពិសោធន៍នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង» នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
សិក្ខាសាលានេះ ក៏មានការចូលរួមពីលោកសាស្រ្តចារ្យ Ngai Ming Yip អ្នកជំនាញក្នុងវិស័យរៀបចំដែនដី និងលំនៅឋាននៅទីក្រុងហុងកុង, លោក សុខ សំអុន អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន, លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម, លោកស្រី នូសុវត្ថិ ចាន់វត្តី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្តរជាតិ នៃអគ្គនាយកដ្ឋានរដ្ឋបាល, លោកសាស្រ្តចារ្យ Eddie Chi Man Hui ប្រធានដេប៉ាតឺម៉ង់ការងារអន្តរជាតិ និងសាធារណៈ, លោក សេង ថានី ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសិក្ខាកាមប្រមាណ១០០០នាក់។
លោក លាង មុនីរិទ្ធ បានគូសបញ្ជាក់ថា៖ «ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់អគារ ៦ខែដើមឆ្នាំ២០២៤ មានប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក នៅពុំទាន់ប្រសើរឡើងវិញដូចស្ថានភាពមុនការរីកដាលនៃជំងឺក្ខវីដ-១៩ ក៏វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ពិសេសតម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈ៦ខែដើមឆ្នាំ២០២៤ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣»។
លោក លាង មុនីរិទ្ធ បានលើកឡើងបន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីបង្ហើយជាអទិភាព និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរៀបចំផែនការយុទ្ធសាស្ត្រ ផែនការរៀបចំដែនដី និងនគរូបនីយកម្ម ដោយបានកំណត់ច្បាស់លាស់តំបន់ប៉ូលអភិវឌ្ឍសេដ្ឋកិច្ច, តំបន់ស្នូលនៃការអភិវឌ្ឍនិងអ័ក្សអភិវឌ្ឍសមាហរណកម្មប្រទាក់ក្រឡាគ្នា, ផែនការរៀបចំដែនដីតំបន់ឆ្នេរ, ផែនការរៀបចំដែនដីថ្នាក់ខេត្តប្លង់គោលប្រើប្រាស់ដី, ផែនការប្រើប្រាស់ដីទីក្រុង និងទីប្រជុំជន ប្លង់គោលប្រើប្រាស់ដីក្រុង-ស្រុក-ខណ្ឌ, ផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ ដើម្បីធានាការគ្រប់គ្រងការអភិឌ្ឍនិងការសាងសង់ប្របកបដោយចីរភាព។
លោកបានបន្តថា ក្រសួងក៏បានយកចិត្តទុកយ៉ាងខ្លាំងចំពោះការអភិវឌ្ឍធនធានមនុស្សបន្ថែមក្នុងវិស័យរៀបចំដែនដី ដោយបាននិងកំពុងសហការជាមួយគណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគម និងសាកលវិទ្យាល័យនានា ដើម្បីប្រមូលផ្តុំនិស្សិត បញ្ញវន្ត ដែលជាធនធានមនុស្សផ្នែកស្ថាបត្យកម្មនិងវិស្វករ ក្នុងគោលដៅរួមគ្នាធ្វើឱ្យស្ថាបត្យកម្មខ្មែរមានភាពរស់រវើកឡើងវិញ និងកម្លាំងចលករចូលរួមចំណែកកសាងប្រទេសជាតិតាមរយៈអ្នកវិជ្ជាជីវៈស្ថាបត្យករ និងវិស្វករ។
លើសពីនេះទៅទៀត រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ក្រសួងបាននិងកំពុងសហការជាមួយដៃគូរដ្ឋនិងវិស័យឯកជន ក្នុងគោលបំណងលើកកម្ពស់សោភណភាពទីក្រុង ទីប្រជុំជន និងបរិស្ថានល្អ សម្រាប់លើកកម្ពស់សុទ្ធាលភាព ភាពស៊ីវិល័យ និងគុណតម្លៃគ្រួសារ។ លទ្ធផលនៃការរៀបចំដែនដី និងនគរូបនីយកម្ម មិនត្រឹមតែរួមចំណែកក្នុងធានាការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព តុល្យភាព និងសមធម៌ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកំណើននៃការអភិវឌ្ឍនិងការកសាងជារៀងរាល់ឆ្នាំ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រនិងវិធានខាងលើ យើងរំពឹងថាវិស័យសំណង់នឹងក្លាយជាឧស្សាហកម្មមួយទៀត ដែលនឹងបង្កើនចំណូលថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិ៕