(ភ្នំពេញ)៖ អង្គភាពគ្រប់គ្រងឃ្លាំងអាវុធ នៃយោធភូមិភាគទី៤ បង្ហាញរបាយការណ៍បំភ្លឺ ពាក់ព័ន្ធមន្រ្តីយោធាម្នាក់ ចេញវីដេអូឡាយតាមបណ្តាញសង្គមរៀបរាប់ពីការឈឺចាប់ និងរងការគាបសង្កត់ពីមេបញ្ជាការរបស់ខ្លួន។
ការបង្ហាញរបាយការណ៍នេះ បានធ្វើឡើងបន្ទាប់អនុសេនីយ៍ត្រី រ័ត្ន ទីណា អត្តលេខ ២៣៤៤៨១ មុខងារ មេក្រុម "ខ" ដឹកជញ្ចូន អង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ បានឡាយវីដេអូ នៅលើបណ្តាញសង្គម Facebook ដោយរៀបរាប់ថ្នាក់លើរបស់ខ្លួនបានគាប់សង្កត់ និងធ្វើបាបខ្លួន ដែលត្រូវបានចែកចាយជាច្រើន។ សកម្មភាពរបស់មន្ត្រីយោធារូបនេះ បង្កឱ្យការភ័ន្តច្រឡំពីសំណាក់ស្រទាប់មហាជន មកលើអង្គភាពទ័ពជាខ្លាំង។
យោងតាមរបាយការណ៍បានឱ្យដឹងថា លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ជាទូទៅតែងតែដើរហើរសេរី មិនគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ព នៃកងយោធពលខេមរភូមិន្ទ ជាក់ស្ដែងកំឡុងពេលអនុវត្តបទបញ្ជាថ្នាក់លើឱ្យប្រមូលផ្ដុំកម្លាំងត្រៀមលើចំណុចខ្ពស់ ដែលបានអនុវត្តចាប់ពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ ហើយកំពុងបន្តរង់ចាំបទបញ្ជាថ្នាក់លើ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់មានបទបញ្ជាថ្មី ដូចនេះលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា គាត់បានមានមុខប្រចាំការនៅបន្ទាយ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ប៉ុន្តែគាត់ (រ័ត្ន ទីណា) បាត់មុខ១ថ្ងៃ ១យប់ ដោយមិនបានសុំច្បាប់មេបញ្ជាការរបស់ខ្លួន។
ហើយនៅមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ (មុនថ្ងៃត្រួតពល) ប្រកាសអាសន្ន លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មកប្រចាំការនៅអង្គភាពក្នុង ១អាទិត្យមានមុខតែ ១ថ្ងៃប៉ុណ្ណោះ ហើយលោកវរសេនីយ៍ទោ ប្រាក់ សារ៉ាវ៉ាន់ មេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ បានប្រជុំជួរទ័ពណែនាំកុំឱ្យយោធិនបាត់មុខពីអង្គភាពកំឡុងពេលត្រៀមកម្លាំង ១០០% លើចំណុចខ្ពស់ហើយមិនអនុញ្ញាតឱ្យដើរហើរសេរីគ្មានច្បាប់ទំលាប់ខុសពីលក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ស្រាប់តែលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មានការមិនសប្បាយចិត្ត ហើយបាត់មុខពីអង្គភាពនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។
រហូតដល់បច្ចុប្បន្ន ដោយមិនសុំការអនុញ្ញាតច្បាប់ពីមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយលើសពីនេះទៀត នៅយប់ថ្ងៃទី០១ និងព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ
២០២៤ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានបាត់មុខពីអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងបានឡាយ (Live) វីដេអូវាយប្រហារមកលើលោកមេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ និងបានចោទប្រកាន់បំភ្លើសខុសពីការពិត និងបានញុះញង់បង្កើតបញ្ហា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ជាពិសេសញុះញង់បំបាក់ស្មារតីសាមគ្គីភាពរបស់កងទ័ពនៅក្នុងអង្គភាព ហើយធ្វើជាគំរូអាក្រក់ដល់យោធិនគ្រប់រូប៕