(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកសិក្ខាសាលាដកពិសោធន៍ លើការងារសម្ព័ន្ធមេត្រីភាព គឺពិតជាមានសារៈសំខាន់ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ក្នុងស្ថានភាពនៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវ ចំពោះឧត្តមប្រយោជន៍ និងសាមគ្គីជាតិខ្ពស់។
ការចាត់ទុកបែបនេះរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពបិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសយោធភូមិភាគទី៥ ខេត្តបាត់ដំបង។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តាំផ្ញើដល់កងទ័ពត្រូវចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាព ក្នុងការបំពេញតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដោយត្រូវគោរពបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់គោរព និងអនុវត្តឱ្យបានម៉ឹងម៉ាត់តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងសារពិសេស នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីលើកកម្ពស់វិស័យការពារជាតិកាន់តែរឹងមាំ ធានាដល់ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម នៅគ្រប់កាលៈទេសៈ។ពិធីបិទសិក្ខាសាលាបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល បានអានរបាយការណ៍បូកសរុបលទ្ធផលអង្គសិក្ខាសាលា បញ្ជាក់ដឹងថា បន្ទាប់ពីបានដំណើរការធ្វើការពិភាក្សាអស់រយៈពេលពេញ ១ថ្ងៃនៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្រោមប្រធានបទ «រួមគ្នាពង្រឹងខឿនការពារជាតិ» មានគោលបំណងដើម្បីបន្តលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព ឱ្យបន្តជំរុញប្រពៃណីសិល្បៈនៃការចែករំលែក ជួយគ្នាទៅវិញទៅមក។
ការងារសម្ព័ន្ធមេត្រីភាពនេះ បានវិវត្តន៍រីកចម្រើនជាលំដាប់ ហើយមកដល់ពេលនេះមានស្ថាប័នអង្គភាពរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជន និងសប្បុរសជនសរុបចំនួន៣៥៩ ក្នុងនោះមានក្រសួង-ស្ថាប័ន ចំនួន២០៩, ក្រុមហ៊ុនចំនួន៩១ និងសប្បុរសជនចំនួន៥៩រូប បានចងសម្ព័ន្ធមេត្រីភាពជាមួយ១១៧ កងឯកភាពនៃកងយោធពលខេមរភូមិន្ទ។ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៥២ ស.ស.រ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីរៀបចំការចងសម្ព័ន្ធមេត្រីភាពបន្ថែមរវាងអង្គភាពកងទ័ព ជាមួយស្ថាប័នអង្គភាពស៊ីវិល បានរៀបចំអង្គភាពកងទ័ពចំនួន៤ ដែលរៀបចំការចងសម្ព័ន្ធមេត្រីភាពបន្ថែមរួមមាន៖
ទី១៖ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចងសម្ព័ន្ធមេត្រីភាពជាមួយ ក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន សៀ រិទ្ធី គ្រុប។
ទី២៖ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ យោធភូមិភាគទី៣ កងទ័ពជើងគោក ចងសម្ព័ន្ធមេត្រីភាពជាមួយ រដ្ឋបាលខេត្តព្រះសីហនុ។
ទី៣៖ តំបន់ប្រតិបត្តិការសឹករងកែប យោធភូមិភាគទី៣ កងទ័ពជើងគោក ចងសម្ព័ន្ធមេត្រីភាពជាមួយក្រុមហ៊ុន ទ្រី ភាព គ្រុប។
ទី៤៖ កងការពារព្រំដែនលេខ៥០២ និងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ កងទ័ពជើងគោក ចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕