(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
តាមរយៈសារលិខិតផ្ញើទៅកាន់ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទាំងក្រុមគ្រួសារ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា៖
«ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះដំណឹងដ៏សោក សង្រេងនៃមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានទទួលមរណភាព នាថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។
មរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល មិនត្រឹមតែជាការ បាត់បង់ដោយសេចក្តីអាឡោះអាល័យជាទីបំផុតនូវស្វាមី ឪពុក ជីតា និងជីតាទួត ជាទីគោរពស្រលាញ់ដ៏ ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញា ស្មារតី ចូលរួមក្នុងចលនាតស៊ូក្នុងបុព្វហេតុជាតិ និងប្រជាជន ជាពិសេសបានរួមចំណែកយ៉ាងសកម្មបម្រើ ដោយស្មោះស្ម័គ្រចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមករហូត អវសាននៃជីវិតរបស់សម្តេច ។
ស្ថិតក្នុងវេលាដ៏សង្វេគក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំង អស់ មេត្តាទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕