(ភ្នំពេញ)៖ ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងតាមរយៈសារ Telegram នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះថា មានប្រជាពលរដ្ឋ និងយុវជន យ៉ាងផុសផុសបានចុះឈ្មោះដើម្បីចូលរួមនៅក្នុងដំណើរទស្សនកិច្ចនៅខេត្តភូមិភាគឦសាន ដោយឥតគិតថ្លៃ ដែលរហូតមកទល់ពេលនេះជាង៧០០នាក់ហើយ។
ការចុះឈ្មោះនេះ ធ្វើឡើងតាមរយៈអនឡាញ ដោយស្កេន QR Code។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល មានកិត្តិយសបានរៀបចំដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជា ពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ចំនួនអ្នកចុះឈ្មោះមកដល់ពេលនេះ មានចំនួនជាង៧០០នាក់ហើយ! ប្រជាពលរដ្ឋ ក្នុងមានព្រះសង្ឃ ជាពិសេសយុវជនដែលបានចុះឈ្មោះ មានប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ និងពីតាមបណ្តាខេត្តជាច្រើនដូចជា ខេត្តកណ្តាល តាកែវ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះស៊ីហនុ ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា ជាការកត់សម្គាល់មួយដ៏សំខាន់នោះគឺការគាំទ្រយ៉ាងផុលផុសតាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋកម្ពុជាក្នុងរូបភាពនានា ក៏ដូចជាការចូលរួមក្នុងដំណើរទស្សនកិច្ចទៅភូមិភាគឦសាននេះ បានបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋមិនជឿសោះឡើយលើព័ត៌មានបំភ្លៃខុសពីការពិត ក្នុងគោលបំណងទុច្ចរិតមកញុះញង់ និងឃោសនាអគតិ របស់ក្រុមមួយក្តាប់តូច ដើម្បីបំពុលសង្គមកម្ពុជា ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាកិច្ចព្រមព្រៀងអភិវឌ្ឍន៍នៅតំបន់ត្រីកោណ។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ការពិតត្រូវបានលាតត្រដាងហើយ ដោយមិនអាចប្រកែកបានដោយមានសក្សីកម្ម ផែនទី និងឯកសារផ្លូវការជាក់លាក់ និយាមការកំណត់ព្រំប្រទល់ច្បាស់លាស់ ការបោះបង្គោលព្រំដែនដោយមានការព្រមព្រៀងត្រឹមត្រូវ និងការអនុវត្តតាមផ្លូវច្បាប់ កិច្ចព្រមព្រៀងជាធរមាន ព្រមទាំងមានប្រជាជនខ្មែររាប់លាននាក់ជាសាក្សី ថាកម្ពុជាគ្មានការបាត់បង់ដីឡើយសូម្បីមួយមីលីម៉ែត្រ។
សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ភូមិភាគឦសាននេះ, មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ និងរាល់ការចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។ ទស្សនកិច្ចទិសឦសានលើកទី១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី»។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចភូមិភាគឦសាន នេះធ្វើឡើងជាការឆ្លើយតបចំពោះក្រុមប្រឆាំងដែលឃោសនាបំពុលប្រជាពលរដ្ឋខុសពីការពិតថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍នៅតំបន់ត្រីកោណ បានធ្វើឱ្យខ្មែរបាត់បង់ដី៤ខេត្តទៅឱ្យប្រទេសវៀតណាម៕