(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ដោយមានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ទ.ស. និងមានលោក លោកស្រីជាសមាជិក សមាជិកានៃ គ.អ.ទ.ស. និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសណ្ឋាគាររីជិនស៊ីអង្គរ សៀមរាប។

នាឱកាសនោះលោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ វិស័យឯកជន និងសហគមន៍មូលដ្ឋាន សំដៅឈានទៅរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍មួយប្រកបដោយភាពជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ។

លោកបណ្ឌិត ថោង ខុន បានបន្ថែមថា នៅក្នុងបរិបទចំពោះមុខនេះផែនការនេះនឹងក្លាយជាចំណែកមួយនៃការជំរុញអនុវត្តឱ្យចេញជាផ្លែផ្កាបន្ទាប់ពីការដាក់ចេញនូវ «ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ដែលជាផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ដំបូងគេ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ដែលមាន ១៤ចំនុច ដូចជា៖ (១) យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» (២) ការលុបចោលគោលការណ៍ដែលតម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិត្រូវសម្រាកមួយយប់ (៣)ការបង់ថ្លៃទិដ្ឋាការតាមអនឡាញ (៤) ការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព​អាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទេ្ទសក៏ទេសចរណ៍រហូតដល់ដំណាច់ឆ្នាំ២០២៤ (៥) ការពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពី ២ឆ្នាំ ទៅ៣ឆ្នាំ។

(៦) ការកាត់បន្ថយកម្រៃសិទ្ធិហោះហើរតែម្ខាង (Traffic Right Chage -Royalty) ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ (៧) ការរៀបចំប្រព័ន្ធ  E-Arrival  ជាទម្រង់តែមួយ សម្រាប់ភ្ញៀវទេសចរដែលចូលមកកម្ពុជា (៨) ចរចាឱ្យក្រុមហ៊ុនមិនយកថ្លៃផ្លូវចូលព្រលាន មិនយកប្រាក់សម្រាប់ការចូលដាក់ភ្ញៀវ (៩) ការសម្របសម្រួលចរាចរណ៍​ក្រដាសប្រាក់ដុល្លារ​អាមេរិកដែលមានសភាពចាស់ ទក់ រហែក (១០) ការកែសម្រួលលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធនឹងការថតវីដេអូ ឬរូបភាពសន្លឹក ក្នុងរមណីយដ្ឋានអង្គរ (១១) ការកែសម្រួលពេលវេលាបើក-បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ

(១២) ការបន្តការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ (ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានអាជីវកម្មនៅខេត្តសៀមរាប), លើកលែងពន្ធលើប្រាក់ចំណូល និងមិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ (១៣) ការផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទានជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប និង(១៤) ការដាក់ចេញកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង។
 
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តខិតខំអនុវត្តតាមការសម្រេចនូវវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាលទាំងអស់នេះ ជាពិសេសត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍគោលដៅ​ទេសចរណ៍​អាទិភាពសំខាន់ៗ ដោយរៀបចំផែនការឱ្យបានច្បាស់លាស់ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ​លោកក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តខិតខំអនុវត្តតាមការ​សម្រេចនូវវិធានការ សំខាន់ៗរបស់​រាជរដ្ឋាភិបាលទាំងអស់នេះ ជាពិសេស ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍគោលដៅទេសចរណ៍អាទិភាពសំខាន់ៗ ដោយរៀបចំផែនការឱ្យបានច្បាស់លាស់​ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ដែរថា នៅក្នុងអង្គសិក្ខាសាលានេះ ក៏មានបទឧទ្ទេសនាមចែករំលែកបទពិសោធល្អៗ ដោយវាគ្មិនកិត្តិយសលើប្រធានបទសំខាន់ៗចំនួន០២ រួមមានទី១៖ ទស្សនាទាននៃការរៀបចំផែនការ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ដែលឧទ្ទេសនាមដោយលោក អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាននៃ គ.អ.ទ.ស. និងទី២៖ ផែនការទីផ្សារទេសចរណ៍សម្រាប់កម្ពុជា និងគោលដៅខេត្តសៀមរាប ដែលឧទ្ទេសនាមដោយលោក អ៉ិត វិជិត នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

ជាមួយគ្នានេះក៏មានការរៀបចំកិច្ចពិភាក្សាតាមក្រុមចំនួន ០៣ រួមមាន៖ ក្រុមទី១៖ វិស័យសាធារណៈ, ក្រុមទី២៖ តំណាងសមាគម, តំណាងសណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍, និងក្រុមទី៣៖ តំណាងអាជីវករ ប្រតិបត្តិករទេសចរណ៍និងសហគមន៍ទេសចរណ៍នៅខេត្តសៀមរាប ដើម្បីផ្តល់ជាធាតុចូលដល់ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបសម្រាប់រយៈពេលពេញមួយ​អាណត្តិទី៧នេះ ឱ្យកាន់តែមានសង្គតិភាព ទាំងលើទិដ្ឋភាពខ្លឹមសារ និងយន្តការអនុវត្ត សំដៅធានាប្រសិទ្ធភាព ក្រោយពេលដែលផែនការនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលនាពេលខាងមុខ៕