(ព្រះវិហារ)៖ ក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ ដំឡូងមី សរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន៣២ ក្នុងខេត្តព្រះវិហារ លើបរិមាណជាង៥ម៉ឺនតោន។
ពិធីនេះស្ថិតក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី តំណាងក្រុមហ៊ុនទាំង៣ និងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសហគមន៍កសិកម្មជាច្រើនរូបទៀត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងនូវការអរគុណដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលបានសហ ប្រតិបត្តិការជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការប្រមូលស្រូវ និងដំឡូងមីសរីរាង្គ ពីបណ្តាលសហគមន៍ក្នុងខេត្តព្រះវិហារអស់រយះពេលជាច្រើនឆ្នាំកន្លងមក។
លោកថ្លែងអំណរគុណមន្ទីរកសិកម្មខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យានេះឡើង ក្នុងគោលបំណងបង្ហាញពីការធានាទីផ្សារស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ។
លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងទៀតថា សម្រាប់ផែនការក្នុងឆ្នាំ២០២៤នេះ កិច្ចសន្យាផលិតកម្មកសិកម្មលើកសិផលសរីរាង្គជាង៥មុឺនតោន ក្នុងនោះស្រូវសរីរាង្គចំនួន២៦៥០០តោន ដំឡូងមីសរីរាង្គចំនួន ២៥០០០តោន ស្វាយចន្ទីសរីរាង្គចំនួន២០០តោន សណ្តែកដីសរីរាង្គចំនួន១០តោន និងល្ងសរីរាង្គចំនួន១តោន។
លោក សុខ សាន្តតារ៉ា បានអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ក៏ដូចជាដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មក្នុងខេត្តព្រះវិហារ គ្រប់កាលៈទេសៈ។
ដោយឡែកលោក ពឹង ទ្រីដា បានថ្លែងថា បច្ចុប្បន្ននេះខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន៤៤សហគមន៍ មានសមាជិកសរុបប្រមាណ១មុឺនគ្រួសារ ដោយមានការសម្របសម្រួលពីការិយាល័យអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។
លោកប្រធានមន្ទីរថា ឆ្នាំ២០២៤នេះ មន្ទីរកសិកម្មខេត្តព្រះវិហារ ដោយមានការគាំទ្រពីកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE AT) កំពុងដំណើរការបង្កើតសហគមន៍កសិកម្មបន្ថែមថ្មី៤ទៀត នៅក្នុងឃុំកំពង់ស្រឡៅ១ កំពង់ស្រឡៅ២ ស្រុកឆែប និងឃុំព្រីងធំ ឃុំមរកត ស្រុកជាំក្សាន្ត៕