(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការជាប់ពាក់ព័ន្ធនឹងនយោបាយ វាមិនមែនជារឿងដែលអាក្រក់ទេ តែត្រូវចៀសវាងពីការបោកប្រាស់របស់បុគ្គលណាម្នាក់ និងត្រូវមានធាតុចូលសំខាន់៣ គឺភាពជាខ្មែរ សមត្ថភាពខ្លាំង និងចិត្តមេត្តាករុណា ដោយមិនមែនបម្រើផលប្រយោជន៍សម្រាប់បុគ្គលណាម្នាក់នោះទេ។
រយៈកាលកន្លងទៅ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ធ្លាប់បានថ្លែងថា «ប្រជាពលរដ្ឋម្នាក់ៗមានគោលដៅខុសៗគ្នា ក្ដីសុបិនផ្សេងៗគ្នា ប៉ុន្តែ 3Cs ជាគោលដៅដាក់អនាគតកម្ពុជាជាចម្បងដើម្បីឯកភាពជាតិ (C1:Cambodianess សំដៅទៅលើភាពជាខ្មែរតែមួយ, C2:Competency ផ្តោតទៅលើប្រជាជនកម្ពុជាមានសមត្ថភាព, C3:Compassionate មានន័យថា ប្រជាជនរស់នៅពោរពេញដោយធម៌ រស់នៅសម្បូរសប្បាយ និងចេះជួយយកអាសារគ្នា) ដើម្បីប្រជាជនខ្មែរគ្រប់ជំនាន់ »។
ស្របតាមប្រសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, លោកបណ្ឌិត ជេត ជាលី បានលើកឡើងថា ជាពលរដ្ឋដែលពេញលេញអាចធ្វើនយោបាយ អាចដឹកនាំប្រទេស អាចដឹកនាំអង្គភាពបានត្រូវមានលក្ខណៈទាំងបីហ្នឹង មានភាពជាខ្មែរក្នុងខ្លួន មានសមត្ថភាពឱ្យបានពេញលេញ ហើយនឹងមានចិត្តមេត្តាករុណានៅក្នុងខ្លួន។
លោកបានបន្តថា «ចំពោះយុវជនយើងដែលចង់ចូលប្រឡូកនៅក្នុងនយោបាយ គួរតែមានគ្រឹះទាំងអស់នេះ កុំឱ្យបាត់បង់ ហើបជើងពីដីខ្មែរ មិនមែនខ្មែរធ្វើការបម្រើអ្នកណាអ្នកណី ហើយសមត្ថភាពមិនទាន់ដល់ មិនទាន់រៀនចេះដឹងត្រឹមត្រូវខ្ពង់ខ្ពស់ប្រកបដោយការពិចារណាគ្រប់ជ្រុងជ្រោយ។ ការជាប់ពាក់ព័ន្ធនឹងនយោបាយ វាមិនមែនជារឿងដែលអាក្រក់ទេ ព្រោះក្នុងជីវិតនេះអ្វីក៏ទាក់ទងនឹងនយោបាយដែរ សូម្បីតែនៅក្នុងគ្រួសារក៏យើងនិយាយពីនយោបាយនៃការដឹកនាំកូនចៅ តែត្រូវជៀសវាងពីការបោកប្រាស់របស់នរណាមួយ»៕
សូមស្ដាប់ការលើកឡើងរបស់ លោកបណ្ឌិត ជេត ជាលី៖