(រតនគិរី)៖ ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាព និងសមាជិកជាង១០០នាក់ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានទៅធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ក្នុងទឹកដីខេត្តរតនគិរី។
ដំណើរទស្សនកិច្ចសិក្សានេះដឹកនាំដោយលោក លី ហុង ប្រធានក្រុមសេនាសន្តិភាព។ លោក លី ហុង ប្រធានក្រុមសេនាសន្តិភាព បានបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានៅតំបន់ភូមិភាគឦសាន (CLV-DTA) មានសមាជិកក្រុមសេនាសន្តិភាពចំនួន១១០នាក់ មកពីបណ្តារាជធានីខេត្តចំនួន១០។
ក្នុងសប្តាហ៍ទី១ ខែកញ្ញា ដោយចាប់ផ្តើមទស្សនកិច្ចសិក្សាពីខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងបន្តដំណើរទៅខេត្តមណ្ឌលគិរី។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ សមាជិកសមាជិកាក្រុមសេនាសន្តិភាព បានបង្ហាញទឹកមុខ សប្បាយរីករាយក្រោយពីឃើញការអភិវឌ្ឍនៅព្រំដែនដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តរតនគិរី កម្លាំងសមត្ថកិច្ចការពារព្រំដែន និងសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ជាក់ស្តែងលោក លី ហុង បានលើឡើងថា ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានក្លោងទ្វារបង្ហាញភាពច្បាស់លាស់មានព្រំប្រទល់ប្រទេសទាំង២ មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវ មានប៉ាស្ព័រ លិខិត (ពុំចេញ-ចូលដោយសេរីទេ) រថយន្តឆ្លងកាត់ដឹកទំនិញផ្សេងៗ។
លោក លី ហុង បានអំពាវនាវឲ្យប្រជាជនខ្មែរក្នុងប្រទេសក្រៅប្រទេស កុំជឿព័ត៌មានភូតកុហកថាទឹកដីយើងបាត់បង់ ពោលសូមបងប្អូនមកទស្សនាផ្ទាល់ស្វែងយល់ពីការពិត។
លោកថា «យើងមានសិទ្ធិដើរចូលតំបន់ ស ប៉ុន្តែមិនមែនមកស្នាក់នៅទេ (មើលហើយត្រឡប់ទៅវិញ)»លោក លី ហុង បញ្ជាក់ទៀតថា តាមរយៈកិច្ចសហការតំបន់ភូមិភាគឦសាន (CLV-DTA) បានជួយជំរុញវិស័យសេដ្ឋកិច្ចមានការ អភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងជាពិសេសនៅតំបន់កន្ទុយនាគ៕