(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យក្រុមការងារអនុវត្តគម្រោងអប់រំបរិយាប័ន្ន «កុមាររៀន កុមារចេះ» ចូលជួបសម្តែងការគួរសម និងចែករំលែកនូវលទ្ធផលដែលបានអនុវត្តកន្លងមក។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកប្រធាន អនុប្រធានកាការិយាល័យបឋមសិក្សា នៃមន្ទីរអបរំយុវជន និងកីឡាខេត្ត លោកប្រធានការិយាល័យ អប់រំយុវជន និងកីឡាក្រុងស្វាយរៀង និងប្រតិភូក្រុមការងារអនុវត្តគម្រោងមួយចំនួនទៀត។
ក្នុងឱកាសនោះ អភិបាលខេត្តបានថ្លែងនូវការគាំទ្រ និងអរគុណដល់ក្រុមការងារអនុវត្តគម្រោង មន្ទីរអប់រំយុវជននិងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំជម្រុញ និងអនុវត្តបានល្អ ក្នុងការចូលរួមលើកកម្ពស់ថ្នាលអប់រំដល់កុមារនៅតាមសាលាបឋមសិក្សាទាំងអស់នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង រហូតបានចេញជាផ្លែផ្កាដូចបានឃើញនៅក្នុងបទបង្ហាញនាពេលនេះ។
សូមជម្រាបជូនថា គម្រោងអប់រំបរិយាបន្នគឺមានការប្រមូលផ្តុំដោយអង្គការជាច្រើនត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យធ្វើសកម្មភាពនៅក្នុងខេត្តស្វាយរៀង ចាប់តាំងពីចុងឆ្នាំ២០១៣ គ្របដណ្តប់លើសាលាបឋម សិក្សាទាំង២៦២ សាលាក្នុងខេត្ត ដោយអនុវត្តគម្រោងមានឈ្មោះថា «កុមាររៀន កុមារចេះ»។
គម្រោងនេះ ផ្តោតសំខាន់ទៅលើកម្មវិធីសិក្សារបស់កុមារ ដើម្បីលើកកម្ពស់បំណិនអាន សរសេរ និងការប្រឹក្សាគរុកោសល្យនៅកម្រិតថ្នាក់ដំបូង ដែលជាគ្រឹះធ្វើឲ្យសិស្សានុសិស្ស អាន ចេះគិតលេខ បានត្រឹមត្រូវ៕