(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង បើទោះបីពេលនេះជាអភិបាលខេត្តតាកែវក៏ដោយ តែលោកមិនភ្លេចកន្លែងដែលលោកធ្លាប់ដឹកនាំទឹកដីខេត្តកំពង់ស្ពឺ ២អាណត្តិកន្លងមកនោះទេ។ លោកបានអំពាវនាវឲ្យមានការបរិច្ចាគពីសប្បុរសជន ទាំងក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រុមការងារ មន្ត្រីរាជការ ដើម្បីយកទៅប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៩៩វត្ត ក្នុងស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងពិធីនោះ លោក វ៉ី សំណាង បានថ្លែងថា បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យដែលព្រះសង្ឃចូលគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈពេល៣ខែនារដូវវស្សា ហើយតាមព្រះវិន័យធម៌ គឺមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តចេញ បិណ្ឌបាតនារដូវវស្សាបានទេ ដូចនេះក្នុងនាមជាប្រជាពុទ្ធបរិស័ទកាន់ព្រះពុទ្ធសាសនា ត្រូវមានតួនាទីជួយទំនុកបំរុងព្រះសង្ឃ ដោយរៀបចំចង្ហាន់ និងគ្រឿងប្រើប្រាស់ផ្សេងៗ ប្រគេនព្រះសង្ឃក្នុងអំឡុងរយៈពេល៣ខែនេះ។
ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ, បងប្អូនខ្មែរ ក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះយើងមានជំនឿថា ពន្លឺទៀននឹងជួយបំភ្លឺអនាគតជាតិឲ្យស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល៣ខែ។
លោក វ៉ី សំណាង បានសង្កត់ធ្ងន់ទៅកាន់បងប្អូន ដែលបានអញ្ជើញចូលរួមនោះថា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយកុំជឿតាមការញុះញង់របស់ក្រុមជនអគតិក្រៅប្រទេស ដែលអុជអាលឆ្កឹះឆ្គៀលនាំឱ្យមានការបះបោរ ហើយនាំឱ្យប្រទេសធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មី។
លោកបានបន្ថែមថា ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បាននិងកំពុងអំពាវនាវ និងបំផុសបំផុលញុះញង់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យក្រោកបះបោរប្រឆាំងរាជរដ្ឋាភិបាល ដោយបានយកបញ្ហា នៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងបានភ្ជាប់ជាមួយនឹងករណីតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV) គោលបំណងចង់នាំកម្ពុជាឱ្យវិលទៅរកភ្នក់ ភ្លើងសង្គ្រាមជាថ្មីដូចរបបខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ជាមួយនឹងការញុះញង់នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ក៏បានចេញមកថ្លែងសារពិសេសបកស្រាយបំភ្លឺ និងបញ្ជាក់ឡើងវិញយ៉ាងច្បាស់អំពីឯករាជ្យ អធិបតេយ្យជាតិ និងសក្តានុពល ប្រកបដោយសារប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម។ នេះជាសារបន្ថែមរបស់លោកទៅកាន់ប្រជាពលរដ្ឋ៕