(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើច្រើនវិស័យរវាងកម្ពុជា និងថៃ ជាពិសេសចំពោះភាពជាអ្នកចិតខាងល្អរបស់ថៃ។
ការកត់សម្គាល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបជាមួយលោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក ឆឺតគៀត អាត់ថាកន បានបញ្ចប់បេសកកម្មការងារជាឯកអគ្គរាជទូតរបស់ថៃប្រចាំនៅកម្ពុជាហើយ នៅព្រឹកមិញនេះលោកចូលជម្រាបលាសម្តេចតេជោ និងជម្រាបជូនសមិទ្ធផលការងារមួយចំនួនដែលសម្រេចបានក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
លោក ឆឺតគៀត អាត់ថាកន បានជម្រាបសម្តេចតេជោថា ក្នុងរយៈពេលជិត២ឆ្នាំនៃអាណត្តិការងាររបស់លោក លោកបានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នា និងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ។
លោកឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មដែលត្រូវបានពង្រីកគួរឱ្យគាត់សម្គាល់។ លោកសង្ឃឹមថា ពេលអនាគតទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត។
លោកឯកអគ្គរាជទូតថៃ បានជម្រាបសម្តេចតេជោថា ប្រទេសថៃ បានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១ ហើយសង្ឃឹមថា ទេសចរថៃ នឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀមរាប។ លោកក៏បានមានប្រសាសន៍ពីភាពរីកចម្រើនច្រើនផងដែរលើវិស័យអប់រំ ដែលរាជរដ្ឋាភិបាលថៃ បានផ្ដួចផ្ដើមកសាងអាគារបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលកំពង់ឈើទាលខេត្តកំពង់ធំ និងនៅខេត្តកំពង់ស្ពឺជាដើមនោះ។
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានបង្ហាញក្តីរីករាយដែលទំនាក់ទំនងរវាងកម្ពុជា និងថៃ បានរីកលូតលាស់ ព្រមទាំងអរគុណលោកឯកអគ្គរាជទូត ដែលបានសម្របសម្រួលលើដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា និងតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ថៃកន្លងទៅនេះ ដែលបានលើកម្ពស់ទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រ។
សម្ដេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជា និងថៃ ជាប្រទេសជិតខាងនឹងគ្នាដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។ សម្ដេចប្រមុខរដ្ឋស្តីទី ក៏បានអរគុណដល់ប្រទេសថៃ ដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគនៅកម្ពុជា។ ការទៅមករកគ្នារវាងប្រជាជនប្រទេសទាំងពីរ ត្រូវតែបើកទូលាយបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរមានឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ ក៏ដូចជាការទៅពិនិត្យព្យាបាលជំងឺជាដើម។ ក្នុងនោះ ប្រទេសថៃបានក្លាយទៅជាបង្អែកដ៏សំខាន់សម្រាប់ប្រទេសជិតខាងដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ដែលមានតម្លៃសមស្រប ហើយថៃក៏មានមន្ទីរពេទ្យជាច្រើន ដែលជាប់នឹងព្រំដែនប្រទេសកម្ពុជាផងដែរ ហើយសម្ដេចបានផ្ដល់អនុសាសន៍ថា គួរតែបង្កើនការតភ្ជាប់បន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដោយដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ហើយកសិករកម្ពុជា នៅជាប់តាមបណ្ដាព្រំដែន មានឱកាសលក់កសិផលទៅឱ្យប្រទេសថៃ។ សម្ដេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលថៃដែលបានបង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ពលករដែលបម្រើការងារនៅប្រទេសថៃ ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ពលករទាំងនោះមិនត្រឹមតែទទួលបានប្រាក់ឈ្នួលប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទទួលបានបច្ចេកទេស និងជំនាញ ដែលអាចយកមកបំពេញការងារពេលត្រលប់មកកម្ពុជាវិញផងដែរ។
សម្ដេចតេជោ ក៏បានអរគុណរាជរដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ហើយបានថ្លែងអំណរគុណព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី សិរិនថន ក្នុងការស្ថាបនាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏ដូចជាអាហារូបករណ៍ប្រចាំឆ្នាំរបស់ព្រះអង្គ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សជាច្រើននៅកម្ពុជា។
សម្តេចតេជោ បានអរគុណកីឡាករប្រដាល់ថៃ ដែលបានមកចូលរួមប្រកួតកីឡាជាបន្តបន្ទាប់នៅប្រទេសកម្ពុជា។
សម្ដេចតេជោ បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរត្រូវរួមគ្នាថែរក្សាវប្បធម៌សហប្រតិបត្តិការល្អ លើវេទិកាអន្តរជាតិនានាដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម។ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរាជទូតថៃ នូវការសួរសុខទុក្ខដល់លោកជំទាវនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃផងដែរ៕