(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានបង្ហាញបំណងចង់ឃើញកម្ពុជា និងថៃ អនុវត្តការស្នើ​សុំទិដ្ឋា​ការឆ្លងដែន (Visa) តាមរូបមន្ត «Visa2+X» ដែលជាគំនិតផ្តួចផ្តើមដោយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពេលនៅជានាយក​រដ្ឋមន្ត្រីរបស់ថៃ។

បំណងរបស់សម្តេចតេជោ បានលើកឡើងក្នុងជំនួបជាមួយលោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក ឆឺតគៀត អាត់ថាកន បានបញ្ចប់បេសកកម្មការ​ងារ​របស់​លោកនៅ​កម្ពុជាហើយ ហើយព្រឹកមិញនេះ លោកបានចូលជម្រាបលា និងជម្រាបពីសមិទ្ធផលការងារមួយចំនួនជូនសម្តេចតេជោ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក ឆឺតគៀត អាត់ថាកន បានលើកឡើងពីកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីជំរុញ​វិស័យ​ទេសចរណ៍រវាងកម្ពុជា និងថៃ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពេលនៅជានាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធរូបមន្តស្នើសុំទិដ្ឋាការ គឺរូបមន្ត «Visa2+X»។ រូបមន្តនេះ គឺអ្នកទេសចរណ៍ពីប្រទេស​នានា អាចសុំទិដ្ឋាការតែម្តង តែអាចចូលទៅកម្ពុជា ហើយបន្តទៅប្រទេសថៃ ឬសុំចូលទៅប្រទេសថៃ ហើយបន្តទៅប្រទេសកម្ពុជាក៏បាន។

សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ នឹងពិភាក្សាលើបញ្ហានេះ ហើយបន្តទៅជជែកជាមួយឡាវ ឬមីយ៉ាន់ម៉ាបន្តទៀត។ សម្រាប់សម្តេចតេជោ ហ៊ុន សែន បើអាចអនុវត្តតាមរូបមន្តនេះបាន នឹងជាចំណែកមួយបន្ថែមទៀតក្នុងការទាក់ទាញអ្នកទេសចរ៕