(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា មិត្តភាពជាប្រពៃណីកម្ពុជា-ចិន មិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរទេ តែថែមទាំងរួមចំណែកថែរក្សា លើកកម្ពស់ វិបុលភាពក្នុងតំបន់ និងសកលលោកថែមទៀត។
ការលើកឡើងនេះ ក្នុងឱកាស ប្រធានរដ្ឋសភាកម្ពុជា ទទួលជួបលោកស្រី ចុង មីង (Zong Ming ) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍សភាតំណាងប្រជាជនក្រុងសៀង ហៃ ប្រទេសចិន ដើម្បីពិភាក្សាការងារមួយចំនួន នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋសភាកម្ពុជា។
សម្តេចមហារដ្ឋសភាធិការធិបតី បានគូសបញ្ជាក់អំពី៖ ចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន ដែលបានពូនជ្រំ ថែរក្សា លើកកម្ពស់ឥតឈប់ឈរ ដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់តំាងពី ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតប្រមុខដឹកនាំកំពូលចិន មានលោកប្រធាន ម៉ៅ សេទុង និង លោកនាយករដ្ឋមន្រ្តី ជូ អេងឡាយ។
មិនតែប៉ុណ្ណោះ ទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះកាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើងមកដល់បច្ចបុប្បន្នដែលមាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ី ជីនភីង និងសម្តេចតេជោ ហ៊ុន សែន ហើយបន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកនូវផលប្រយោជន៍មិនត្រឹមសម្រាប់ប្រទេសនិងប្រជាជនទំាងពីរនោះទេ តែថែមទាំងដល់ចំណងមិត្តភាពដែកថែមកម្ពុជា-ចិន និងបានចូលរួមចំណែកថែរក្សា លើកកម្ពស់ វិបុលភាពប្រជាជាតិនៅក្នុងតំបន់និងសកលលោកថែមទៀតផង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០២៣ គឺប្រមាណជាមួយខែក្រោយនៃការបង្កើតគណៈរដ្ឋមន្រ្តីថ្មី ដែលនេះបានសរបញ្ជាក់យ៉ាងច្បាស់ពីការផ្តល់អាទិភាពខ្ពស់បំផុត នៃទំនាក់ទំនងកម្ពុជា-ចិន របស់អ្នកបន្តវេនកម្ពុជា។
ប្រធានរដ្ឋសភាកម្ពុជា សម្តែងការជឿជាក់យ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសភាប្រជាជនចិនក្រុងសៀងហៃនៅក្នុងឱកាសនេះ នឹងជំរុញលើកកម្ពស់ ដល់ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន នៃប្រទេសទំាងពីរកាន់តែសកម្មនិងស៊ីជម្រៅ នាំមកនូវសមិទ្ធផលថ្មីៗថែមទៀត ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា និងសភាប្រជាជនចិនក្រុងសៀងហៃ ពង្រឹងពង្រីកបន្ថែមនៅគ្រប់កម្រិតផងដែរ៕