(ភ្នំពេញ)៖ មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជៀសវាងភាន់ច្រឡំលើសកម្មភាពរបស់ក្រុមបុគ្គលមួយចំនួនដើររៃអង្គាសថវិកានៅតាមស្តុប ផ្សារ តំបន់ទេសចរណ៍ និងទីកន្លែងសាធារណៈនានា ដោយបានប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» ដាក់នៅលើហិបរៃអង្គាសថវិការបស់ពួកគេ។

មូលនិធិជនពិការ អំពាវនាវដល់បុគ្គលទាំងនោះត្រូវបញ្ឈប់ការប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» នៅលើហិប ឬផ្ទាំងបដាផ្សេងៗរបស់ខ្លួន ជាមួយគ្នានេះក៏ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីឃើញមានក្រុមណាមួយប្រើប្រាស់ឈ្មោះ «មូលនិធិជនពិការ» ដើររៃអង្គាសថវិកានៅតាមស្តុប ឬនៅទីសាធារណៈនានា ដើម្បីជៀសវាងការភាន់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិតិ្តយសរបស់មូលនិធិជនពិការ៕