(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា ចង់បានការវិនិយោគ​កាន់​តែច្រើនពីអាមេរិក និងអឺរ៉ុប ហើយនៅខែកញ្ញានេះ លោកនឹងចេញទៅសហរដ្ឋអាមេរិក ដើម្បីស្វះស្វែងរកការវិនិយោគបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ នៅក្នុងជំនួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា និងថ្លែងអំណរគុណសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។ ជាក់ស្ដែង មានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិកមួយចំនួន ដែលទទួលបានជោគជ័យលើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។

នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកចង់ឃើញការវិនិយោគពី​សហរដ្ឋ​អាម៉េរិក និងសហគមអឺរ៉ុបនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រីភារធារី អំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។

ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស លោកឧបនាយករដ្ឋមន្រ្តី រំពឹងថា ការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិក នឹងមានការកើនឡើងនាពេលអនាគត។

ជាការឆ្លើយតបទៅកាន់លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅ ដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីវិស័យគន្លឹះ រួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងវិស័យកសិឧស្សាហកម្ម ជាដើម ដែលសុទ្ធសឹងជាវិស័យនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។

លោកស្រីភារធារី បានបង្ហាញសុទិដ្ឋិនិយមអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងជូនពរជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យទទួលបានជោគជ័យក្នុងការបេសកកម្មការងារក្នុងសហរដ្ឋអាម៉េរិកនាពេលខាងមុខ។

បន្ថែមពីនេះ ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រីរំពឹងថា កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានា​បន្ថែម​ទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕