(អូទ្រីស)៖ ក្រោមការរៀបចំរបស់អង្គការ Voice for rights international តាមរយៈការធ្វើតេស្តតាមប្រព័ន្ធអនឡាញ កូនខ្មែរមួយរូប គឺយុវជន សុខន បញ្ញារ័ត្ន បានធ្វើតេស្តជាប់ និងបានទៅចូលរួមនៅសន្និសីទអ្នកការទូតអន្តរជាតិ នៅទីក្រុងវៀណា ប្រទេសអូទ្រីស ជាមួយនឹងយុវជនមកពីបណ្តាប្រទេសជាច្រើនបានចូលរួម។
នៅក្នុងឱកាសល្អក្នុងសន្និសីទអ្នកការទូតអន្តរជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ - ៣០ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀណា ប្រទេសអូទ្រីស យុវជន សុខន បញ្ញារ័ត្ន ក៏បានឆ្លៀតលើកយកនូវកត្តាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងវប្បធម៍របស់ខ្មែរ ទៅផ្សព្វផ្សាយនៅក្នុងសន្និសីទអន្តរជាតិមួយនេះ ជាមួយនឹងការទទួលបានការចាប់អារម្ភពីបណ្តាប្រទេសជាច្រើន មកលើប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទនេះបានបង្រៀនយុវជនទៅលើប្រធានបទ ២ គឺភាពជាអ្នកដឹកនាំ និងផលប៉ះពាល់នៃគ្រឿងញៀន ប្រតិភូដែលបានជ្រើសរើសចូលរួម តម្រូវឱ្យចូលរួមជជែកវែកញែក និងចូលរួមគំនិតក្នុងការដោះស្រាយបញ្ហាសកលដូចជា បញ្ហាអាកាសធាតុ បញ្ហាបរិស្ថានជាដើម ការផ្សព្វផ្សាយពីសន្តិភាព ។ នៅក្នុងសន្និសីទនេះក៏បានដឹកនាំប្រតិភូទៅធ្វើទស្សនៈកិច្ចទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងវៀណា ដែលជាទីស្នាក់ការអង្គការសហប្រជាជាតិ១ ក្នុងចំណោមទីស្នាក់ការទាំង ៤ក្នុងពិភពលោក ( UN headquarters in Vienna, Austria ) និងការបង្កើតឱកាសដល់យុវជនក្នុងការផ្សព្វផ្សាយវប្បធម៌ និងទំនាក់ទំនងផងដែរ។
ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ យុវជន សុខន បញ្ញារ័ត្ន បានឱ្យដឹងថា រូបគេបានចូលរួមក្នុងសន្និសីទអ្នកការទូតអន្តរជាតិ ដោយសាររូបគេបានជាប់ក្នុងការដាក់ពាក្យប្រឡងតាមប្រព័ន្ធអនឡាញ ដោយបានឆ្លងកាត់ការសរសេរអត្ថបទជាភាសាអង់គ្លេស និងដំណាក់កាលសម្ភាសផ្ទាល់ និងបានទៅចូលរួមកម្មវិធីនេះដោយផ្ទាល់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ - ៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀណា ប្រទេសអូទ្រីស។
យុវជន សុខន បញ្ញារ័ត្ន បានឱ្យដឹងដូចនេះថា តាមរយៈសន្និសីទនេះបានបង្រៀនយុវជនទៅលើប្រធានបទ២ គឺភាពជាអ្នកដឹកនាំសម្រាប់យុវជន និងផលប៉ះពាល់នៃគ្រឿងញៀន ក្រៅពីនេះតាមរយៈសន្និសីទនេះក៏បានផ្តល់ឱកាសដល់យុវជនគ្រប់បណ្តាប្រទេសបានបង្កើតទំនាក់ទំនងមិត្តភាព ការចែករំលែកវប្បធម៍ ជាពិសេសគឺការសិក្សា និងចែករំលែកពីវប្បធម៍របស់ប្រទេសនីមួយៗ និងបានបង្កើតឱកាសឱ្យយុវជនបានផ្សព្វផ្សាយពីវប្បធម៍សន្តិភាព។
យុវជន សុខន បញ្ញារ័ត្ន បានបញ្ជាក់ដូចនេះទៀតថា «នៅក្នុងសន្និសិទ្ធអ្នកការទូតអន្តរជាតិនេះ ខ្ញុំបានចែករំលែកនូវកត្តាសន្តិភាព និងវប្បធម៍នៅកម្ពុជាយ៉ាងច្រើនទៅដល់ប្រតិភូពីបណ្តាប្រទេសផ្សេងៗ ជាពិសេសក្នុងកំឡុងពេលនៃកម្មវិធីនេះតែម្តង»។
យុវជន សុខន បញ្ញារ័ត្ន បានបញ្ជាក់ទៀតថា «ដូចដែលយើងបានដឹងហើយថាប្រទេសកម្ពុជាធ្លាប់ជួបនៅរបបប្រល័យពូជសាសន៍ ហើយរបបមួយនេះបានធ្វើឱ្យយើងខាតបង់ និងទាញយើងថយក្រោយ ១០ ទៅ ២០ឆ្នាំ និងធ្វើឱ្យកម្ពុជាខាតបង់ទៅលើគ្រប់វិស័យ ដូចនេះហើយការជម្នះនិងការងើបឡើងវិញពីរបបប្រល័យពូជសាសន៍នេះបានធ្វើឱ្យកម្ពុជា ស្គាល់ពីតម្លៃសន្តិភាព យល់ពីតម្លៃសន្តិភាព និងដឹងពីតម្លៃសន្តិភាព ហើយតាមរយៈតម្លៃសន្តិភាពនេះហើយ ទើបធ្វើឱ្យខ្ញុំអាចចែករំលែកទៅលើឆាគអន្តរជាតិ និងពិភពលោកបានថា «ប្រទេសកម្ពុជាជានិម្មិតរូបនៃសន្តិភាព»។
យុវជន សុខន បញ្ញារ័ត្ន បានឱ្យដឹងបន្ថែមទៀតថា នៅក្នុងសន្និសីទអ្នកការទូតអន្តរជាតិ នៅទីក្រុងវៀណានេះ រូបគេក៏បានលើកយកនូវវប្បធម៍របស់កម្ពុជា បង្ហាញទៅដល់បណ្តាប្រតិភូនៃបណ្តាប្រទេសទាំងអស់បានយល់ដឹកពីវប្បធម៍របស់កម្ពុជា បានកាន់តែច្រើន និងទទួលបានការចាប់ពីអារម្ភពីមិត្តនៅតាមបណ្តាប្រទេសជាច្រើនមកលើកម្ពុជាផងដែរ។
ក្នុងនាមជាយុវជនកម្ពុជាតែមួយរូប ដែលបានចូលនៅក្នុងសន្និសីទអ្នកការទូតអន្តរជាតិនេះ យុវជន សុខន បញ្ញារ័ត្ន បានអះអាងថា រូបគេពិតមានមោទនភាព និងរីករាយដែលរូបគេអាចមានឱកាសឡើងដល់ឆាគអន្តរជាតិ នៅទីក្រុងវៀណា ដែលត្រូវគេគត់សម្គាល់ថា ជារាជធានីនៃកាទូត។ រូបគេពិតជាចង់ឃើញកូនខ្មែរជាច្រើនបានចូលរួមក្នុងកម្មវិធីនេះ ព្រោះវាបានផ្តល់ជាប្រយោជន៍ទៅដល់ប្រទេសជាតិរបស់យើងយ៉ាងច្រើនផងដែរ៕