(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំពិធីដាំដើមឈើចំនួន ៤៥០ដើម នៅតាមផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក្នុងនោះដែរ មានដើជ្រៃកូរ៉េ និងក្ងោក ដែលជាជំនួសរបស់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសកម្ពុជា និងថៃ និងវិស័យឯកជន។

ពិធីនេះធ្វើឡើងក្រោមវត្តមានរបស់លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប, លោកស្រី Oma Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសកម្ពុជា និងថៃ និងលោក Aviv Palti និងអ្នកស្រី Jessica Palti ស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា, លោក ឆាយ ដឹប នាយកប្រតិបត្តិនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ព្រមទាំងវិស័យឯកជន សិស្ស និសិត្យ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក ឆាយ ដឹប បាន លើកឡើងថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាល និងបង្កើតឡើងដោយ Aviv Palti និងក្រុមគ្រួសារ ជាជនជាតិ អូស្ត្រាលី ហើយបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ នៃ ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១១ ក្រោមចក្ខុវិស័យ លុបបំបាត់ភាពក្រីក្រតាមរយៈការអប់រំ ដោយបណ្តុះបណ្តាល និងលើកកម្ពស់យុវជនអោយក្លាយជាអ្នកដឹកនាំនាពេលអនាគត។ លក្ខណៈពិសេស របស់អង្គការ គឺគ្រប់គ្រង និងដឹកនាំ ដោយនិស្សិតរបស់អង្គការផ្ទាល់ដែលទទួលបានការបណ្តុះបណ្តាលដោយ ក្រុមអ្នកស្ម័គ្រចិត្ត ជនជាតិអូស្ត្រាលី។ សិស្ស និងនិស្សិតអាហារូបករណ៍ទាំងអស់ គឺជាសមាជិកគ្រួសាររបស់អង្គការ ដែលត្រូវបានជួយ ឧបត្ថម្ភថវិកា និងផ្តល់បទពិសោធន៍ការងារតាមរយៈការធ្វើការនៅក្នុងគម្រោងរបស់អង្គការផ្ទាល់។

លោក ឆាយ ដឹប បានបន្តថា គម្រោង (Project T - ដើមឈើសម្រាប់ជីវិត) ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ជាមួយចក្ខុវិស័យ ការចូលរួមបង្កើតបរិស្ថានបរិសុទ្ធប្រកបដោយនិរន្តរភាពដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស និងធម្មជាតិ ដោយដាំដើមឈើដែលមានអាយុកាលចន្លោះពី២ ទៅ៣ឆ្នាំនៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប និងនៅជនបទ ដែលខ្វះខាតដើមឈើ ដើម្បីបង្កើននូវសម្រស់ ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ និងលើកកម្ពស់សោភ័ណភាពក្រុង និងទីជនបទក្នុងខេត្តសៀមរាប។

លោកស្រី Oma Sagiv បាន លើកឡើងថា ជាទូទៅយើងទាំអស់តែងតែនិយាយពីបរិស្ថាន ទាក់ទងទៅនឹងនិរន្តរភាព សម្រាប់ខ្លួនគាត់ផ្ទាល់គាត់តែងតែគិតថា រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ គួរតែធ្វើបែបណា ដើម្បីឲ្យមានការផ្លាស់ប្តូរបញ្ហាទាំងអស់នឹង។ អ្នកស្រីបន្តថា អ្វីដែលយើងកំពុងតែធ្វើនៅថ្ងៃនេះ គឺស្ថិតនៅក្នុងដំណើរមួយ ដែលអភិវឌ្ឍន៍ក្រុងរបស់យើងឲ្យក្លាយទៅជាទីក្រុងបៃតង។

លោកស្រី Oma Sagiv បានបន្តថា ប្រទេសអ៊ីស្រាអែល ជាប្រទេសដែលតូច និងមានប្រជាជនតិច ហើយជាប្រទេសដែលមានវាលខ្សាច់ច្រើន និងមិនសូវមានទឹកក្នុងការប្រើប្រាស់នោះទេ។ កាលពីមុនប្រទេសអ៊ីស្រាអែល គឺជាវាលខ្សាច់ តែដល់ពេលបច្ចុប្បន្ននេះ គឺជាប្រទេសបៃតង ដោយសារតែរដ្ឋាភិបាលយកចិត្តទុកដាក់ចំបងទៅលើការដាំដើមឈើ ដើម្បីធ្វើឲ្យប្រទេសនឹងក្លាយជាប្រទេសបៃតង។

លោកស្រីបន្តថា នៅពេលដែលគាត់បានជជែកជាមួយស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ទាក់ទងនឹងគម្រោងដាំដើមឈើគាត់ពេញចិត្តខ្លាំងម៉ែនទែន ដោយសារតែប្រទេសរបស់គាត់ជាប្រទេសបៃតង ហើយគាត់គិតថាសៀមរាប គឺជាកន្លែងមួយដែលយើងគួរតែបង្កើតទីក្រុងបៃតង។

លោកស្រីបន្តថា ក្នុងដំណើរទស្សនកិច្ចរយៈ៣ថ្ងៃជាមួយអង្គការនេះ គាត់ពិតជាពេញចិត្តជាខ្លាំង ហើយគម្រោងនីមួយៗរបស់អង្គការ គឺ សុទ្ធតែមាននិរន្តរភាព និងផ្តល់ការអប់រំ មិនត្រឹមតែផ្តល់ការអប់រំដល់សិស្សអង្គការនោះទេ ព្រមទាំងផ្តល់ការអប់រំដល់សិស្សដ៏ទៃទៀតនៅតាមសាលាជនបទ ហើយគាត់សប្បាយចិត្តដែលឃើញក្មេងៗជំនាន់ក្រោយចូលរួមដាំដើមឈើ។

លោក អ៉ឹង គឹមលាង បាន លើកឡើងថា ប្រសិនបើយើងធ្វើដំណើរមកពីភ្នំពេញ ឬក៏មកពីខេត្តផ្សេងៗចូលមកខេត្តសៀមរាប ដល់ស្រុកប្រាសាទបាគង យើងបានឃើញដើមឈើជាច្រើននៅអមសងខាងផ្លូវ និងមានភាពត្រជាក់ត្រជុំ។ ត្រង់កន្លែងនឹងនៅពេលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដល់ គឺប្តូរបរិយាកាសភ្លាម (ប្រៀបដូចទៅនឹងវិមានធម្មជាតិមួយ)។

លោកបានបន្តថា ប៉ុនែ្តប្រសិនបើហួសមកបន្តិច គឺមិនមានដើមឈើនោះទេ ដូច្នេះហើយ រដ្ឋបាលខេត្តគ្រោងនឹងដាំដើមឈើបន្ថែមទៀត ដោយយើងទាំងអស់គ្នាចូលរួមដាំជាមួយគ្នា។ ដោយចាប់ពីឆ្នាំនឹងតទៅបានដាំដើមឈើជាច្រើន ប្រមាណជាង១០ម៉ឺនដើមទូទាំងខេត្ត ដូច្នេះខេត្តយើង ក្នុងរយៈពេល១០ឆ្នាំទៀត អ្វីៗនឹងប្រែប្រួលទាំងអស់។ ហើយដើមឈើជួយយើងច្រើន ឲ្យមានលំនឹងនៅសីតុណ្ហភាព លំនឹងនៃការប្រែប្រួលអាកាសធាតុ លំនឹងនៃធនធាតុទឹក និងជួយការពារពីខ្យល់កន្រ្តាក់ ផងដែរ។

ជាមួយនេះដែរ លោកបានបញ្ជាក់ថា លោកស្រីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសកម្ពុជា និងថៃ បានប្រាប់ថា គាត់ចូលចិត្តខេត្តសៀមរាប ហើយយើងគួរតែបន្តដាំដើមឈើថែមទៀត ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើនទៀត ដែលយើងនឹងសហការរៀបចំជាមួយនឹងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និង រៀបចំបន្តទៀតផងដែរ៕