(ភ្នំពេញ)៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៤ បានកោតសរសើរ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានខិតខំសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន ដែលបានធ្វើឱ្យមានការចូលរួមប្រជាពលរដ្ឋ យ៉ាងផុសផុល រួមចំណែកដល់ការកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលជាបញ្ហាសកល។
ឯកអគ្គរដ្ឋទូត បានលើកឡើងថា ការប្រែប្រួលអាកាធាតុ នាំឱ្យមានគ្រោះហន្តរាយទឹកជំនន់ កាលពីឆ្នាំ២០២២ នៅប្រទេសប៉ាគីស្ថាន និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងបាត់បងជីវិតមនុស្សអស់ជាច្រើន។ ឆ្លើយតបនឹងបញ្ហានេះ ប៉ាគីស្ថានមានបំណងចូលរួម ជាមួយអន្តរជាតិ ជាពិសេសជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងឆ្លើយតបនឹងញ្ហានៃការប្រែប្រួលអាកាសធាតុ។
នៅក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចែករំលែកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស ភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាង ៨,៥លាននាក់ ដែលមានបេហដូងស្អាតចិត្តស្អាត ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាមោទនភាពរបស់កម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ប្រមូលសម្អាតសំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន ដែលនៅឆ្នាំ២០២៥ ខាងមុខ កម្ពុជានឹងអាចសម្រេចបានគោលដៅគ្មានថង់ប្លាស្ទិកហើរតាមផ្លូវ។ បន្ទាប់ពីភាពស្អាត កម្ពុជានឹងបន្ថែមនូវភាពបៃតង តាមរយៈការដាំដើមឈើឱ្យច្រើន។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថានបានចែកជូនប្រជាពលរដ្ឋដាំដើមឈើ បានជាង ១លាន ៣សែនដើមដើម ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០។ លើសពីនេះ ភាពបៃតងនឹងរួមចំណែកធ្វើឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ជាពិសេសបើកឱកាសដល់អ្នកវិនិយោគបៃតង ឱ្យមកវិនិយោគនៅកម្ពុជា និងទទួលបានហិរញ្ញប្បទានបៃតងសម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងសង្គមជាតិ៕