(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាគណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការងារបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិជាផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងក្មេងទំនើងលោក គួច ចំរើន បានស្នើឱ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្ត ក្រុង-ស្រុក ត្រូវតែបន្តអនុវត្តវិធានការផ្សព្វផ្សាយអប់រំណែនាំ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ហើយរាល់ការចុះបង្ក្រាបបទល្មើស កងកម្លាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងកុំឱ្យមានគ្រោះថ្នាក់ផ្សេងៗក្នុងពេលបំពេញភារកិច្ច ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ ត្រូវដាក់កម្លាំងចាំផាក់ពិន័យ នៅតាមផ្លូវគោលដៅនានាឱ្យបានជាប់ជាប្រចាំ ស្របទៅតាមច្បាប់ដែលបានកំណត់។ ជាមួយគ្នានេះ ត្រូវបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន ត្រូវចុះបង្ក្រាបដោយប្រើវិធានការច្បាប់គ្មានការលើកលែង។
បន្ថែមពីលើនេះ លោកអភិបាលខេត្ត បានក្រើនរំលឹកកម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវត្រួតពិនិត្យទៅលើរាល់ការផ្សព្វផ្សាយពាក់ព័ន្ធកន្លែង បើកលេងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន ពីសំណាក់សារព័ត៌មាននានា។
បើសារព័ត៌មានណាបានផ្សាយមិនពិត ត្រូវកោះហៅមកធ្វើការស្រាយបំភ្លឺ និងអប់រំណែនាំកុំឱ្យផ្សព្វផ្សាយព័ត៌មានគ្មានការពិតបំពុលសង្គមតទៅទៀត ព្រោះវាបានធ្វើឱ្យខាតកម្លាំងកាយ ធនធាន និងរំខានពេលវេលារបស់ សមត្ថកិច្ចយ៉ាងខ្លាំង ក្នុងការចុះស្រាវជ្រាវ និងបង្ក្រាបលើទីតាំងមិនមែនជាការពិត។
បទបញ្ជារបស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើង ក្រោយមេឆ្នោតជនជាតិវៀតណាម២នាក់ ទើបត្រូវបានចាប់ខ្លួននៅក្រុងតាខ្មៅ ប៉ុន្តែបានអប់រំ ហើយឱ្យទៅវិញ៕