(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពាក់ព័ន្ធធ្វើវេទិកាសាធារណៈ ដោយមានតំណាង ប្រជាពលរដ្ឋជាង១០០នាក់ ចូលរួមនៅវត្តបុទុមរតន:ដីដុះ សម្រាប់ពលរដ្ឋក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ក្នុងនោះមានសំណើ និងសំណូមពរពីប្រជាពលរដ្ឋចំនួន៨ ត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្ដង។
មុនពេលបើកការពិភាក្សាពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ, អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំមកនេះ គឺបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ និងបានដាក់ចេញនូវគោលនយោបាយអទិភាពទាំង៩ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំង នៃការដាក់ចេញនូវគោលនយោបាយនោះ គឺត្រូវការមតិយោបល់ព និងការវាយតម្លៃពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋ ទទួលបានពីគោលនយោបាយនោះកម្រិតណា។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបានគឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ។
ជាមួយគ្នានេះចំពោះការអនុវត្តការងាររដ្ឋបាលរបស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ផ្ដោតសំខាន់ទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្ដល់សេវា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ ជាពិសេសផ្ដោតទៅលើការងារ ដែលបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា វេទិកាសាធារណៈសម្រាប់សង្កាត់វាលវង់ ក្រុងកំពង់ចាម នាពេលនេះ ក្រុមការងារបានទទួលសំណើ និងសំណូមពរលើបញ្ហាផ្សេងៗចំនួន៨ករណី ហើយបញ្ហាទាំងអស់នោះ ត្រូវបានឆ្លើយតបដោះស្រាយភ្លាមៗ តែម្ដង៕