(ស្វាយរៀង)៖ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការអប់រំសីលធម៌តាមគន្លងនៃសាសនា គឺជាមូលដ្ឋានគ្រឹះ នៃការរស់នៅប្រកបដោយសីលធម៌ និងគុណធម៌ ដែលអាចឲ្យមនុស្សទទួល យកដោយសន្តិវិធីនូវការយល់ដឹងដ៏ទន់ភ្លន់សម្រាប់សេចក្តីសុខ សន្តិភាពផ្លូវកាយ ផ្លូវចិត្តដល់មនុស្សគ្រប់រូប។
ការថ្លែបបែបនេះរបស់លោកស្រីអភិបាលរងខេត្ត បានធ្វើឡើង ខណៈដែលលោកស្រី តំណាងលោកអភិបាលខេត្តស្វាយរៀង អញ្ជើញចូលក្នុងទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនាបង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នៅសាលប្រជុំសាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៤។
ពិធីនេះក៏មានការចូលរួមពីលោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត នៅសាលប្រជុំសាលាខេត្តស្វាយរៀង ព្រមទាំងព្រះសង្ឃ អ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ជាមួយគ្នានេះ លោកស្រីអភិបាលរងខេត្ត ក៏បានស្នើអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ជួយបង្កលក្ខណៈ ឱ្យមានការធ្វើ សកម្មភាពបែបសាសនា ក្នុងគោលដៅអប់រំសង្គម ឱ្យមានសុវត្ថិភាពនៅតាមបណ្តា ភូមិ ឃុំ សង្កាត់ ដែលនឹងជួយដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គមដោយសារតែមនុស្សមានការអប់រំ និងសណ្តាប់ធ្នាប់ល្អ។
លោកស្រីបន្តថា ការនិមន្ត និងអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ឧត្តុង្គឧត្តមនាថ្ងៃនេះ បានបង្ហាញអំពីភាពសុខុដុមរមនា នៃសាសនានៅកម្ពុជា ជាពិសេសសាសនាធំទាំង៣ គឺព្រះពុទ្ធសាសនា ដែលមានពីរនិកាយ គឺពុទ្ធសាសនាថេរវាទ និងធម្មយុត្តិកនិកាយ សាសនាឥស្លាម មានពីរនិកាយ និងសាសនាគ្រឹស្ត មានបីនិកាយ ដែលបានចូលរួម ក្នុងកម្មវិធីជាមួយគ្នាកន្លងមក។
លោកបានបញ្ជាក់ថា ឆ្នាំនេះសម្រាប់ថ្នាក់ជាតិជាឆ្នាំទី៨ គិតចាប់ពីការប្រារព្ធជាលើកដំបូង ក្នុងឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយនៅឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួម ជាអធិបតី ក្នុង កម្មវិធីនេះ និងបានប្រកាស «ដាក់ថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងអំពើ ជួញដូរមនុស្សនិងទាសភាពសម័យទំនើប» ហើយដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
លោកស្រី បន្ថែមទៀតថា ដោយឡែក សម្រាប់ខេត្តស្វាយរៀង លេខាធិការដ្ឋាន គ.ខ.ប.ជ ក៏បានប្រារព្ធទិវាអន្តរសាសនាតាំងពីឆ្នាំ២០២២ មកផងដែរ ហើយថ្ងៃនេះ គណៈកម្មាធិកាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក៏បានរៀបចំជាមីទ្ទិញជួបជុំគ្នា ដើម្បីបង្ហាញអំពីមោទកភាពជាតិខ្មែរ ដែលមានសុខុដុមនីយកម្មសាសនា រួមគ្នាជាធ្លុងមួយក្នុងការចូលរួមបង្ការទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងក្លាយជាឧក្រឹដ្ឋកម្មដ៏ក្តៅគគុក និងក្លាយជាទាសភាព សម័យទំនើប នាសម័យកាលដែលមានវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន ដែលហៅថា សម័យឌីជីថលនេះ។
លោកបានបន្តថា ពិភពលោកកំពុងត្រូវការប្រើប្រាស់ឌីជីថល ធ្វើជាមធ្យោបាយក្នុងការអភិវឌ្ឍន៍ គ្រប់វិស័យ តែជនល្មើសក៏បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាដ៏វៃឆ្លាតនេះ ដើម្បីបំផ្លាញមនុស្សជាតិផងដែរ។ ទំនើបកម្មនៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សយល់ថា វានាំមកនូវសេចក្តីសុខ និងភាពរីករាយដល់ខ្លួន។ ប៉ុន្តែ វិទ្យាសាស្ត្រដែលខ្វះគុណធម៌» អាចនាំមកនូវគ្រោះមហន្តរាយដោយចៀសមិនរួច ហើយរឹតតែសាហាវឃោរឃៅ និងជះឥទ្ធិពលបានកាន់តែលឿនពិបាកទប់ទល់។
លោកបានបន្តថា តាមរយៈការអប់រំផ្លូវចិត្ត បញ្ញា ស្មារតី តាមបែបសាសនា គឺពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើឱ្យមនុស្សបានយល់ដឹងអំពីគុណ និងទោស បុណ្យ និងបាប កុសល និងអកុសល អ្វីដែលគួរប្រព្រឹត្ត និងអ្វីដែល មិនគួរប្រព្រឹត្ត ហើយមានការព្យាយាមប្រព្រឹត្តខ្លួនឱ្យល្អ ក្នុងសេចក្តីសុខជាប្រក្រតី គឺការរស់នៅប្រកបដោយ សីលធម៌ សេចក្តីថ្លៃថ្នូរ ចេះគោរពឱ្យតម្លៃគ្នា មិនតាំងចេតនាបំផ្លាញគ្នា មានសាមគ្គីភាពជាមួយគ្នា ចេះជួយ យកអាសារគ្នា និងមានសតិនឹងន រឹងមាំ មិនជឿតាមកលល្បិចបោកបញ្ឆោតរបស់ជនល្មើស ដែលព្យាយាម អូសទាញតាមគ្រប់មធ្យោបាយ ដើម្បីឱ្យមនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់ស្ថានភាព គ្រប់ឋានានុក្រម ធ្លាក់ចូល ក្នុងភាពរងគ្រោះ ដោយការបង្គាប់បញ្ជារបស់ឧក្រឹដ្ឋជន ដោយឈានទៅប្រព្រឹត្តបទល្មើស បំផ្លាញអ្នកដទៃ និង រងគ្រោះខ្លួនឯងដោយមិនដឹងខ្លួន៕