(កំពង់ស្ពឺ)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ អមដំណើរដោយលោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាព ប្រធាន និងមន្ត្រីស្ថានីយ ដែលតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មកបំពេញភារកិច្ចនៅស្ថានីយជញ្ជីងអចល័តកណ្តោលដុំ និងស្ថានីយជញ្ជីងអចល័តពោធិថ្មី នៅខេត្តកំពង់ស្ពឺ។
គោលបំណងនៃការកែសម្រួលសមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គឺដើម្បីពង្រឹងយន្តការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ឱកាសដល់មន្ត្រីថ្មីៗអាចផ្លាស់ប្តូរ និងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត។
ទន្ទឹមនឹងនេះ ប្រធានស្ថានីយទាំងពីរ ដែលទើបទទួលបានការប្រគល់ភារកិច្ចមកបំពេញការងារនៅស្ថានីយជញ្ជីង បានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីងអចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ រួមទាំងសេចក្តីណែនាំលេខ១២២ សណន.លគសអ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្រ្តីស្ថានីយត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
នាឱកាសនោះលោក សេង ឈួន បានណែនាំដល់មន្រ្តីដែលបានកែសម្រួលសមាសភាពថ្មី ក៏ដូចជាមន្រ្តីចាស់ទាំងអស់ថា ការកែសម្រួលសមាសភាពនៅតាមស្ថានីយជញ្ជីង គឺជារបបចល័តវិលជុំមន្ត្រីប្រចាំការនៅតាមស្ថានីយ ហើយយន្តការនេះបាននឹងកំពុងរៀបចំជាបន្តបន្ទាប់រហូតដល់គ្រប់ស្ថានីយនៅទូទាំងប្រទេស។ បន្ថែមលើសពីនេះលោកក៏បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវខិតខំនិងពង្រឹងការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវថ្នល់មុនអាយុកាលកំណត់ ពិសេសត្រូវបញ្ឈប់រាល់សកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ៕