(ភ្នំពេញ)៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី បានលើកឡើងអំពីគុណតម្លៃ និងសារៈសំខាន់នៃសន្តិភាពក្នុងប្រទេសកម្ពុជា ផ្ទុយមកវិញបែរជាលោក សម រង្ស៊ី ជ្រេញនឹងពាក្យសន្តិភាពទៅវិញ និងមានបងប្អូនក្រុមប្រឆាំងមួយចំនួនជ្រេញនឹងពាក្យសន្តិភាព។ ជាការពិត ពាក្យសន្តិភាពនេះជាខ្លឹមសារគោលសំខាន់ចេញពីរដ្ឋាភិបាលដឹកនាំប្រទេស ដូច្នេះស្របពេលដែលក្រុមទាំងប្រឆាំងជ្រុលនិយមមិនពេញចិត្តរដ្ឋាភិបាល ពួកគាត់ក៏ជ្រេញនឹងពាក្យសន្តិភាពទៅវិញ។

តាមរយៈវីដេអូ លោក មួង សូនី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាទស្សននយោបាយមានភាពផ្ទុយគ្នាគឺជារឿងមួយនៅលើពិភពលោក បើប្រៀបនឹងរង្វង់គ្រួសារតូចមួយក៏អាចមានគំនិតមិនដូចគ្នាដែរ ប៉ុន្តែប្រសិនជាយើងយល់ថាគំនិតមិនដូចគ្នាហើយយើងត្រូវតែស្អប់ខ្ពើមគ្នា នោះនឹងនាំអោយមានការបែកបាក់ក្នុងសង្គម និងមិនបាននាំផលល្អអ្វីចំពោះប្រទេសជាតិទេ។ ខ្ញុំគិតថាក្នុងប្រទេសខាងអ៊ឺរ៉ុបក្ដី ប្រទេសអាមេរិកក្ដី ប្រជាពលរដ្ឋរស់នៅទីនោះមានសុខសន្តិភាព ការអភិវឌ្ឍទៅបាន គឺដោយសារតែប្រជាជនគេអោយតម្លៃទៅលើជាតិជារួម»។

ជាមួយគ្នានេះដែរ លោកសូមលើកឡើងក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា ដូចបានដឹងហើយប្រជាជនខ្មែរភាគច្រើនយើងដែលកាន់ព្រះពុទ្ធសាសនា គោលការណ៍គ្រឹះនៃការកសាងសន្តិភាពគឺសិល៥ មិនថាគ្រួសារ ក្នុងសង្គម ក្នុងប្រទេស ឬពិភពលោកទេ ទីណាដែលមានសិល៥នឹងនាំឱ្យមានសន្តិភាព ដោយក្នុងចិត្តយើងគ្មាន លោភៈ ទោសៈ មោហៈ គឺផ្លូវចិត្តមានសន្តិភាព តែផ្ទុយមកវិញបើគ្មានទេនោះនាំឱ្យចិត្តយើងគ្មានសន្តិភាពហើយនាំឱ្យកំហឹងផ្ទាល់ខ្លួនជះទៅលើបុគ្គលដ៏ទៃ និងជះទៅលើសង្គមជាតិយើង ឧទាហរណ៍ បង្ហោះសារជេរគ្នា ប្រមាថគ្នាជាដើម នោះជារឿងបង្កក្ដីក្ដៅក្រហាយដល់អ្នកដ៏ទៃរហូតឈានដល់សង្គមបែកបាក់លែងមានសន្តិភាព។

បងប្អូនអាចមើលប្រវត្តិសាស្រ្តជូរចត់កាប់សម្លាប់គ្នាដូចជាសម័យខ្មែរក្រហម ទាំងនោះផ្ដើមចេញពីក្នុងចិត្តមនុស្សបង្គប់ដោយ លោភៈ ទោសៈ មោហៈ ចិត្តល្ងង់ខ្លៅព្យាបាទ ក៏បណ្ដាលឱ្យសង្គមលែងមានសន្តិភាពដែរ។ ដូច្នេះគុណតម្លៃនៃសន្តិភាពគឺសំខាន់ខ្លាំងណាស់ ទាំងសន្តិភាពផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ ក្នុងសង្គមជាតិ និងក្នុងប្រទេសជាតិទាំងមូល។ សន្តិភាពមានសារៈសំខាន់ណាស់ ហេតុដូចម្តេច លោក សម រង្សុី ជ្រេញនឹងពាក្យសន្តិភាព? តើពុកម៉ែបងប្អូន គួរជ្រេញនឹងពាក្យសន្តិភាពដូចគាត់ទេ?៕