(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាទូទាំងប្រទេស ស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ជំហានទី៣ ឆ្នាំ២០២៤។

សិក្ខាសាលានេះ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ជាវាគ្មិន និងសិក្ខាកាមជាមន្ត្រីរាជការមកពីបណ្តាមន្ទីរ ប.ទ.ខេត្តទាំង ២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(១)៖ ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ
(២)៖ បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍
និង(៣)៖ ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ និងត្រូវធ្វើខ្លួនជាអ្នកបម្រើដ៏ល្អរបស់ប្រជាពលរដ្ឋ ចូលរួម និងយកចិត្តទុកដាក់គ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។

បន្ថែមពីនេះទៀត សិក្ខាកាមទាំងអស់ត្រូវខិតខំបន្តអភិវឌ្ឍនិងពង្រឹងសមត្ថភាព ពង្រីកចំណេះដឹងជាប់ជាប្រចាំ ក្រៅពីការទទួលបានការបណ្ដុះបណ្ដាលឬសិក្ខាសាលា មន្ត្រីរាជការថ្នាក់មន្ទីរ ត្រូវឆ្លៀតពេលស័្វយសិក្សា តាមរយៈការអាន ឬសិក្សាតាមអនឡាញ ដើម្បីធ្វើយ៉ាងណាតាមទាន់ការវិវត្តន៍នៃបច្ចេកវិទ្យា ពិសេសធ្វើបច្ចុប្បន្នភាព តាមដានព័ត៌មាន និងចំណេះដឹងតាមរយៈឆាណែលតេលេក្រាមរបស់ក្រសួង។

សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី៣) សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បានរៀបចំ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម ៖
* ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ៨០នាក់
* ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ៧១នាក់
* ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ៨២នាក់
* រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ១២៥នាក់៕