(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់ឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្ត ត្រូវចេះរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានខ្លួន ឲ្យបានច្បាស់លាស់ ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ៣ឆ្នាំរំកិលត្រូវចេះចាត់ចែងថវិកាទៅលើគម្រោង ដែលជាអាទិភាព ជាតំរូវការបាច់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានខ្លួន ។

លោកអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងដំណើរការរៀបចំ កសាងផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងថវិការបស់រដ្ឋបាលឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធទាំងអស់។

លោកអភិបាលខេត្តកណ្ដាល បានបញ្ជាក់ទៀតថា រាល់ថវិកាដែលទទួលបានក្នុងការអភិវឌ្ឍមូលដ្ឋាន ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវយកចិឥត្តទុកដាក់ខ្ពស់សាងសង់ ឲ្យមានគុណភា សោភ័ណភាព  ជាពិសេសឃុំ-សង្កាត់ តាមស្តង់ដា ចៀសវាងបញ្ហាណាមួយកើតមានក្នុងការអនុវត្តន៍គម្រោង ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ឲ្យបានខ្ពស់ជាប់ជាប្រចាំ ទាំងការដឹកនាំ ការងាររដ្ឋបាល និងការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស។

ស្ថិតក្នុងឱកាសជាអធិបតីភាពនេះ, លោកអភិបាលខេត្ត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ ទទួលយកនូវបទពិសោធន៍ល្អៗពីគ្រូ ក្នុងសិក្ខាសាលាតាំងពីដើមរហូតដល់បញ្ចប់វគ្គដែលមានរយៈពេល ៦ថ្ងៃ។

លោកបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំពោះការអភិវឌ្ឍនៅមូលដ្ឋាន គឺសំខាន់បំផុតទាមទា​ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសយុវជន ពីព្រោះអាចជួយឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានធាតុចូល តាមរយៈ​ចំណេះដឹងថ្មីៗ ដែលទទួលបានពីក្រុមយុវជន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តយ៉ាងរឹងមាំ មកលើក្រុមប្រឹក្សាឃុំ-សង្កាត់ តាមរយៈការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន បានបង្កើននូវភាពស្និទ្ធស្នាល និងមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការយ៉ាងពិតប្រាកដ នៅមូលដ្ឋានរបស់ខ្លួន ៕