(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានបន្ថែមសកម្មភាពថ្មីចំនួន៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។
នេះជាការថ្លែងរបស់ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញា ស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សហគមន៍អន្តរជាតិ បានទទួលស្គាល់នូវផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤ មានប្រសិទ្ធភាពខ្ពស់ ហើយការអនុវត្តផែនការ សកម្មភាពនេះទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញាអូតាវ៉ា។ ផែនការសកម្មភាពទីក្រុងអូស្លូ ត្រូវបានយកមកប្រើប្រាស់ ធ្វើជាមូលដ្ឋាន និងតាក់តែងសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ទោះបីមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីនសកល ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានអ្នកណាបន្តរងគ្រោះដោយសារមីន ទៀត។
លោកបន្ដថា ដើម្បីឲ្យការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ កម្ពុជា បានខិតខំប្រឹងប្រែងបំពេញបន្ថែម និងប្រមូលធាតុចូលប្រកបដោយការយកចិត្តទុកដាក់ ពីគ្រប់វេទិការ ទាំងផ្លូវការ និងក្រៅផ្លូវការ ក្នុងនោះរួមមានសន្និសីទថ្នាក់តំបន់ កិច្ចប្រជុំរដ្ឋភាគី កិច្ចប្រជុំដៃគូ សិក្ខាសាលា ជំនួបពហុភាគី និងជំនួបទ្វេភាគី ជាដើម ក្នុងនោះកម្ពុជាបានដាក់បន្ថែមសកម្មភាពថ្មី សំខាន់ចំនួន ០៣ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ រួមមាន៖ បញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ។
ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ផែនការសកម្មភាពសៀមរាប-អង្គរ ដែលនឹងត្រូវអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មាន ៩ជំពូក និង ៤៥សកម្មភាព ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុះហត្ថលេខាក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ជាមួយគ្នានោះ ផែនការសកម្មភាពសៀមរាប-អង្គរ នឹងក្លាយជាឯកសារតម្រង់ទិសរបស់អនុសញ្ញាអូតាវ៉ារយៈពេល ០៥ឆ្នាំបន្តទៀត ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល។
សូមបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល។ អនុសញ្ញានេះ គឺជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីន ប្រឆាំងមនុស្ស ដែលជាអាវុធដែលបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕