(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ​ នាយទាហាន​ ពលទាហានមកពី​ប្រទេសឥណ្ឌា​ ម៉ារ៉ុក​ ស្រីលង្កា​ បង់ក្លាដេស​ អារ៉ាប៊ីសាអ៊ូឌីត​ សំប៊ី​ តង់ហ្សានី​ និង​ប្រេស៊ីល​ រួមជាមួយនិស្សិតជាច្រើនជាតិសាសន៍ នៃមហាវិទ្យាល័យការពារជាតិឥណ្ឌា​ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ Mukesh Aggarwal មកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលជាង ៣០ ឆ្នាំ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា និងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាប្រទេសមួយដែលបានរួមចំណែកដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការភាព ដោយសារមីនតាមរយៈការផ្តល់នូវអវយវៈសិប្បនិមិត្ត ចាប់តាំងពីឆ្នាំ២០២២ អំឡុងពេលដែលវិស័យសកម្មភាពបានទទួលការគាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ក្រោមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី។

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន បានជ្រើសយកខេត្តកោះកុងក្នុងការប្រើប្រាស់ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ការងារបោសសម្អាតមីន។

ភូមិចំនួន៤ ស្ថិតក្នុងស្រុកបុទុមសាគរ បានបោសសម្អាតរួច និងប្រកាសជាភូមិអស់ ក្រោមការគាំទ្រពី «គម្រោងផ្តល់ផលរហ័ស» ដំណាក់កាលទី១ ហើយបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទី២ ឥណ្ឌាបានគាំទ្រដល់ការបោសសម្អាតមីនក្នុងស្រុកចំនួន ០៤ បន្ថែមទៀតក្នុងខេត្តកោះកុង រួមមានស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកថ្មបាំង និងស្រុកកោះកុង ដែលគ្រោងប្រកាសជាស្រុកអស់មីនក្នុងឆ្នាំ២០២៥ ខាងមុខ។

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជួយឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាព មីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែករបស់ប្រទេសឥណ្ឌា ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងជនមានពិការភាព៕