(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ចង់ប្រែក្លាយខែកញ្ញា ជាខែពិសេស ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញ ក្នុងខែកញ្ញានេះ រដ្ឋបាលខេត្ត បានសហការជាមួយវិស័យឯកជន រៀបចំនូវព្រឹត្តិការណ៍នានាជាច្រើន។

ការលើកឡើងយ៉ាងដូច្នេះរបស់ លោក ង៉ូវ សេងកាក់ នៅក្នុងកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីត្រៀមរៀបចំពិធីអបអរសាទរទិវាទេចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរ និងសន្តិភាព» នៅចុងខែកញ្ញាខាងមុខ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប។

លោកបន្តថា ពិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ២០២៤ ខាងមុខនេះ ដោយចាប់ផ្តើមពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៩យប់ ដោយមានការដង្ហែរក្បួន និងការសម្តែងសិល្បៈ ការតាំងបង្ហាញផលិតផលទេសចរណ៍ជាដើម។

លោកបានបន្តថា នេះជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗទៀត ដែលមាននៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ដោយក្នុងខែនេះ មានព្រឹត្តិការណ៍សំខាន់ៗ៣ មានដូចជា៖ ការរៀបចំទទួលស្វាគមន៍ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នៅថ្ងៃទី១៦ និង១៧, ព្រឹត្តិការណ៍សមរាត្រី(ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ និង ពិធីអបអរសាទរទិវាទេចរណ៍ពិភពលោក ដែលធ្វើនៅថ្ងៃទី២៧ ខែកញ្ញានេះ។

ព្រឹត្តិការណ៍ទាំងប៣នេះ នឹងជួយផ្សព្វផ្សាយពីផលិតផលទេសចរណ៍កម្ពុជា ជាពិសេស នៅខេត្តសៀមរាប ឲ្យកាន់តែទូលំទូលាយថែមទៀត។

លោកបានបន្តថា អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់វិស័យឯកជន ក្នុងវិស័យទេសចរណ៍ទាំងអស់ សូមធ្វើការបញ្ជុះតម្លៃសេវាកម្ម ទាំងការស្នាក់នៅ ការធ្វើដំណើរ និងតម្លៃម្ហូបអាហារ ពេញមួយខែកញ្ញានេះផងដែរ ដែលជាការទាក់ទាញអ្នកទេសចរមកកម្សាន្តក្នុងរដូវភ្លៀងនេះ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ង៉ុវ សេងកាក់ ក៏បានលើនូវផែនការសំខាន់ក្នុងការអភិវឌ្ឍន៍តំបន់ទេចរណ៍ពីឆ្នាំ២០២៥-២០២៨ ចំនួន៦គោលដៅ រួមមាន៖ ទី១- នៅតំបន់ឧទ្យានជាតិព្រះជ័យភ្នំគូលែន និងតំបន់ជុំវិញសម្រាប់ទទួលភ្ញៀវទេសចរណ៍ , ទី២- តំបន់បន្ទាយស្រី និងជុំវិញបន្ទាយស្រី ដោយផ្សាភ្ជាប់ទៅនឹងក្រុងរុនតាឯកតេជោសែន, ទី៣- តំបន់បេតិកភណ្ឌ ស្ថិតក្រោមការរៀបចំ ដោយអាជ្ញាធរជាតិអប្សរា, ទី៤- តំបន់ទីក្រុង និងជុំវិញក្រុង, ទី៥- តំបន់បឹងទន្លេសាប និងទី៦- តំបន់សៀមរាបថ្មី ដែលជាតំបន់សេដ្ឋកិច្ច ដែលមានទៅដោយដំណាំឧស្សាហកម្ម, ពាណិជ្ជកម្ម ដែលបម្តុំទៅដោយសំណង់ធំៗមានលក្ខណៈទំនើប និងសហគ្រាសផ្សេងៗ។

លោកបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ទិវាទេចរណ៍ពិភពលោក ឆ្នាំ២០២៤នេះ ក៏បានធ្វើការបង្ហាញអំពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ដូនតាខ្មែរ ដែលបានចារឹកទុកនៅតាមប្រាង្គប្រាសាទ ឲ្យបន្ស៊ីទៅនឹងគោលដៅតំបន់ទាំង៦ ដែលក្រសួងបានកំណត់ឡើងផងដែរ៕