(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន ព្រមទាំងបានរៀបចំពិធីតាមបែបសាសនា នៅគេហដ្ឋាននៃសព និងដោយមានការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ពីថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈប្រតិភូតាមបណ្តាក្រសួងស្ថាប័ន ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា កម្មវិធី បុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី គង់ សំអុល និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ពិធីដង្ហែសព សម្តេចចៅហ្វាវាំង គង់ សំអុល នឹងប្រារព្ធរៀបចំពិធីចេញពីគេហដ្ឋាននៃសព ឆ្ពោះទៅកាន់មេរុ នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅម៉ោង០៧:០០ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤៕