(ភ្នំពេញ)៖ ក្រសួងព័ត៌មាន ក្នុងនាមជាអ្នកសម្របសម្រួល បានឱ្យដឹងថា ក្រោយការបើកឱ្យចុះឈ្មោះជាសាធារណៈ «ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ» បានទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានលើសការរំពឹងទុក ដោយមានចំនួនអ្នកចុះលើស ១ពាន់នាក់។
អនុវត្តនូវគោលការណ៍ «មកមុន ទទួលបានមុន» ក្រុមការងារបានកំណត់ចំនួនអ្នកចូលរួម ២០០នាក់ដំបូង សម្រាប់ដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុង ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី ដូចមានក្នុងបញ្ជីឈ្មោះជូនភ្ជាប់ខាងក្រោម។ អាស្រ័យហេតុនេះ ក្រុម
ការងារសូមបិទការចុះឈ្មោះ សម្រាប់ដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ ទី៧ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកចូលរួមទាំង២០០នាក់ ដែលត្រូវចូលរួមដំណើរទស្សនកិច្ចនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ (ដូចមានជូនភ្ជាប់ក្នុងបញ្ជី) ត្រូវមកចូលរួមស្តាប់បទបង្ហាញ ដើម្បីទទួលបានព័ត៌មាន ស្ដីពីរបៀបរបបនៃការធ្វើដំណើរទស្សនកិច្ចទិសឦសាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២.០០
រសៀល នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ដោយឡែកបញ្ជីឈ្មោះអ្នកចូលរួម២០០នាក់ សម្រាប់ថ្ងៃទី១៤ ខែកញ្ញា នឹងត្រូវផ្សព្វផ្សាយក្នុងពេលខាងមុខ។
ទន្ទឹមនេះដែរ ក្រសួងព័ត៌មាននៅតែបន្តទទួលការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ និងទី២៨ ខែកញ្ញា ដើម្បីផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងនៅតាមតំបន់ព្រំដែន។ សាធារណជនដែលចាប់អារម្មណ៍ចូលរួម សូមធ្វើការចុះឈ្មោះដោយធ្វើការស្កេន QR
Code (ដូចមានជូនភ្ជាប់នៅខាងក្រោម)។
បើតាមលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មកទល់ពេលនេះ ប្រជាពលរដ្ឋដែលបានចុះឈ្មោះដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននៃប្រទេសកម្ពុជា មានចំនួនជាង១ពាន់នាក់ ហើយៗ ដែលប្រជាពលរដ្ឋបានចុះឈ្មោះតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់។
លោកបានបន្តថា ក្រុមការងារទទួលបន្ទុកបានត្រៀមលក្ខណៈរួចហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ សម្រាប់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទស្សនកិច្ចមួយដែលផ្តល់នូវភាពសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាលនិងសាមគ្គីភាពជាជាតិកម្ពុជាតែមួយផ្តល់ចំណេះដឹងបន្ថែមស្តីពីភូមិសាស្ត្រតំបន់ភូមិភាគឦសាន ទីតាំងនិងបង្គោលព្រំដែន អំពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែនដោយធានាការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចនេះពុំចាំបាច់ចំណាយសោហ៊ុយអ្វីទាំងអស់៖ ការចំណាយទូទៅសម្រាប់ការធ្វើដំណើរ និងការហូបចុក ត្រូវរ៉ាប់រងដោយក្រុមអ្នករៀបចំ លើកលែងតែការចំណាយផ្ទាល់ខ្លួនម្នាក់ៗប៉ុណ្ណោះ។
ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ។
ទស្សនកិច្ចនេះជាទស្សនកិច្ចប្រជាពលរដ្ឋ ពុំមែនជាទស្សនកិច្ចសារព័ត៌មានទេ។ សម្រាប់អ្នកសារព័ត៌មាន គឺត្រូវចុះឈ្មោះដូចប្រជាពលរដ្ឋទូទៅដែរ ដោយបំពេញទម្រង់បែបបទអនឡាញ និងត្រូវអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ ក្រុមអ្នករៀបចំនឹងជ្រើសរើសដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចថ្ងៃសៅរ៍នេះ និងសម្រាប់ដំណើរជើងខាងមុខៗទៀត ដោយត្រូវធ្វើដំណើរជាមួយប្រជាពលរដ្ឋទូទៅដែរ ក្នុងចំណោមអ្នកចូលរួមចំនួន ២០០នាក់ ក្នុងមួយលើក/១ជើងធ្វើដំណើរ៕