(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ បានចូលរួមក្នុង «មូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» និងទទួលបានថវិកាប្រមាណ ១៩លានដុល្លារ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើឡើងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងការអញ្ជើញជាអធិបតី នៃពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០នាក់។
សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះការចូលរួមថវិកាមកដល់ពេលនេះ នៅក្នុងមូលនិធិយើងបានជាង ១៩លានដុល្លារ។ សំណួរសួរថាតើ យើងត្រូវគ្រប់គ្រងយ៉ាងមិច? ការធានានូវតម្លាភាព និងចំគោលដៅជាកិច្ចការសំខាន់ យើងនឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សាយដំណឹងជូនប្រជាពលរដ្ឋ ឯកឧត្តម ក្វាន សៀម ខាងវិស្វកម្មនឹងធ្វើផែនការលម្អិត និងរាយការណ៍ជាសាធារណៈ ជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ។ ព្រោះយើងនៅដល់១៣០០គីឡូម៉ែត្រ ជាង១០ឆ្នាំទៀត និងថវិកាជាង២០០លានទៀត អីចឹងថវិកាដែលបាននេះ នឹងចូលក្នុងការជួយនៅក្នុងកំណាត់ណាមួយ, ហើយប្រជាពលរដ្ឋអាចទៅមើលផ្ទាល់តែម្ដង ថាធ្វើឬអត់? បានប៉ុន្មាន? យើងដាក់ឱ្យច្បាស់អត់មានឱ្យស្រពិចស្រពិលទេ យើងនឹងកំណត់ឱ្យច្បាស់ពីកន្លែងណាដល់កន្លែងណា? បង្គោលណា? ចំងាយប៉ុន្មាន? ប្រើប្រាស់ថវិកានេះ ហើយបងប្អូនអាចទៅមើល ខ្ញុំសូមបញ្ជាក់ព្រោះនៅចំណុចនេះ គេតែងតែលើកឡើង ឥលូវខ្ញុំសូមបញ្ជាក់តែម្ដង តម្លាភាព និងការប្រើប្រាស់ឱ្យចំគោលដៅ នៃថវិកាសម្រាប់ធ្វើផ្លូវក្រវ៉ាត់ព្រំដែននេះ។ សូមធានា យើងនឹងធ្វើជំហាន និងបញ្ជាក់ជូន ព្រោះមានអ្នកសួរច្រើនរឿងនេះ ហើយមានអ្នកដែលយើងមិនទាន់ប្រាប់គាត់ អង្គុយដុតរហូត»។
ជាការកត់សម្គាល់តាមរយៈចំនួនទឹកប្រាក់ និងចំនូនប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិនេះ បានបង្ហាញថា យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានកត់ត្រាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕